ភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៥ បំពាក់ម៉ាស៊ីនថ្មី បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ram បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការកែមុខមាត់ថ្មី ទាំងផ្នែកខាងក្រៅ-ខាងក្នុង រួមទាំងផ្នែកម៉ាស៊ីន គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក ។

ចាប់ផ្តើមជាមួយនឹងម៉ាស៊ីនចុងក្រោយនេះ ដោយម៉ាស៊ីន Hemi V8 ចំណុះ ៥,៧ លីត្រ ត្រូវបានដកចេញ  ជំនួសមកវិញនៅម៉ាស៊ីនប្រភេទ Hurricane ចំណុះ ៣,០ លីត្រ twin-turbo ទំហំ ៦ ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៤០ សេះ និងកម្លាំងរមួល ៧០៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ក៏ដូចជាប្រព័ន្ធចាកសោរប៉ុងអេឡិចត្រូចនិច និងអាចអូសសណ្តោងបានដល់ ៥ ២៥៣ គីឡូក្រាម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ ត្រូវបានឌីស្សាញឡើងជំនួយដល់ប្រព័ន្ធ aerodynamic ដែលមានប៉ាណាមុខមួយផ្ទាំងធំ ជាប់សងខាងដោយសំណុំចង្កៀង LED រាងស្លីម ខណៈចង្កៀងផ្នែកខាងក្រៅត្រូវបានឌីស្សាញថ្មី និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ព្រមទាំងប្រព័ន្ធផ្ទេរថាមពល power on-board ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីស្រោបដោយស្បែកមុខងារខ្យល់កំដៅ និងម៉ាស្សា អាចលៃតម្រូវបាន ២៤ របៀបសម្រាប់ផ្នែកខាងមុខ ខណៈនៅលើតាប្លូមានភ្ជាប់មកជាមួយអេក្រង់ចំនួន ៣ រួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៉ីញ និងអេក្រង់ខាងអ្នកដំណើរទំហំ ១០,២៥ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Klipsch ២៣ ចំនុច ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិតទី ២ ផងដែរ ។

សម្រាប់ភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២៥ ទទួលម៉ូដែលចំនួន ២ បន្ថែមរួមមានម៉ូដែល Tungten ផ្តោតលើភាពប្រណិត និងម៉ូដែល RHO ដែលជាម៉ូដែលផ្តោតលើការបើកបរបែប Off-Road ដែលមានតម្លៃលក់រំពឹងថាថ្លៃជាងម៉ូដែលឆ្នាំមុន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម