Sailun Group គឺជាសម្ព័ន្ធក្រុមហ៊ុនផលិតសំបកកង់ដ៏ល្បីឈ្មោះមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០២ ជាមួយបំណងផ្ដល់នូវផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់ទៅកាន់អ្នកប្រើប្រាស់ជុំវិញពិភពលោក។ មកដល់ពេលនេះ Sailun Group បានសម្រេចការលក់ដោយឈរលេខ១ក្នុងប្រទេសចិន និងលេខ១១លើពិភពលោកក្នុងឆ្នាំ២០២៣។
សព្វថ្ងៃនេះ Sailun ចែកចាយស្ទើរតែទូរទាំងពិភពលោក ចំនួនប្រមាណជាជាង ១៨០ប្រទេស និងឈានដល់កម្រិតនៃការចម្រាញ់កៅស៊ូគីមីដល់កម្រិត ១០ ០០០តោន និងមានគម្រោងកែច្នៃកៅស៊ូគីមី ទៅដល់ ៣០០ ០០០ តោនផងដែរ។
ក្រុមហ៊ុននេះក៏បានចាក់ឬសជ្រៅ និងមានទីតាំងនៅពាសពេញពិភពលោក ដោយមានផលិតកម្មមូលដ្ឋាននិងរោងចក្រចំនួន ៨ទីតាំង សាខាលក់១០ទីតាំងរីឯផ្នែកស្រាវជ្រាវនិងអភិវឌ្ឍមានចំនួន ៤ទីតាំង។ ក្នុងនោះនៅប្រទេសកម្ពុជា ក៏មានមជ្ឈមណ្ឌលលក់ និងរោងចក្ររបស់ Sailun Group ផងដែរ ដែលជារោងចក្រដំបូងគេបង្អស់នៅកម្ពុជា និងធំជាងគេបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តស្វាយរៀង។
រោងចក្រនេះសាងសងឡើងលើផ្ទៃដី ១២០ហិចតា ជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ ៧៦០លានដុល្លារ និងមានសម្ថភាពក្នុងការផលិតបាននូវសំបកកង់ចំនួន ៣៣លានគ្រាប់ក្នុង១ឆ្នាំ នៅពេលដំណាក់កាលទាំង ៣ត្រូវបានបញ្ចប់នៅចុងត្រីមាសទី៣ នៃឆ្នាំ២០២៤។
ចំពោះការវិនិយោគក្នុងប្រទេសកម្ពុជា Sailun Group បង្កើតការងារក្នុងប្រទេសប្រមាណជាង ៧ ០០០នាក់ ហើយកៅស៊ូធម្មជាតិទាំងអស់ត្រូវបានទិញក្នុងស្រុក ស្មើនឹង ៣០% នៃកៅស៊ូក្នុងស្រុកសរុប។ ក្រៅពីនេះក៏មានការសហការជាមួយគ្រឹះស្ថានសិក្សាដូចជា វិទ្យាសា្ថនបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដោយបានផ្ដល់អាហារូបករណ៍ ដើម្បីផ្លាស់ប្តូរគ្រូបង្ហាត់បង្ហាញ និងការបង្កើតមូលដ្ឋានកម្មវិធីសិក្សាលើមុខវិទ្យជ័រកៅស៊ូទៀតផងដែរ។
Sailun Group មានផលិតផលសំបកកង់ជាច្រើនប្រភេទ និងបានផលិតសំបកកង់ឡានខ្នាតធំ ទំហំ ៦៣អ៉ីញថែមទៀតផង និងទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍សំបកកង់សម្រាប់វិស្វកម្មខ្នាតធំបំផុតរបស់ពិភពលោកលំដាប់ទី៣។ លើសពីនេះក្រុមហ៊ុនមួយនេះមានទ្រព្យរហូតទៅ ៣១ពាន់លានរ៉េនមីប៊ី RMB(Renminbi) និងមានបុគ្គលិកច្រើនជាង ១៨ ០០០នាក់នៅលើពិភពលោក៕