
ក្នុងប្រអប់លេខរថយន្ត មានគ្រឿងបង្គុំច្រើនដែលត្រូវមានប្រេងដើម្បីរំអិលជួយមិនឲ្យវាកកិតគ្នាដោយផ្ទាល់ និងកាត់បន្ថយកម្តៅមិនឲ្យឡើងខ្លាំង។ ប្រេងប្រអប់លេខ ក៏ត្រូវផ្លាស់ប្តូរឲ្យបានទៀងទាត់ គ្រាន់តែវាមានចម្ងាយ និងរយៈពេលប្រើប្រាស់បានយូរជាងប្រេងម៉ាស៊ីន។

ចំពោះការឆែកកម្រិតប្រេងប្រអប់លេខឲ្យបានត្រឹមត្រូវ អាចធ្វើតាមវិធីខាងក្រោមនេះ៖
១. បញ្ឆេះម៉ាស៊ីនរថយន្ត៖ ប្រសិនបើម៉ាស៊ីនរថយន្តត្រជាក់ ត្រូវបើកបញ្ឆេះចោលប្រមាណ ៥ ទៅ ១០នាទីសិន ធ្វើយ៉ាងណាមឲ្យម៉ាស៊ីនឡើងកម្តៅដល់សីតុណ្ហភាពប្រតិបត្តិការ ឬកុងទ័រកម្តៅឡើងដល់ពាក់កណ្តាល។ ចំណុចនេះ គឺខុសគ្នាពីការឆែកកម្រិតប្រេងម៉ាស៊ីន ដែលត្រូវឲ្យម៉ាស៊ីនចុះត្រជាក់សិន ទើបអាចឆែកបាន។
២. ចតរថយន្តលើផ្ទៃរាបស្មើ៖ ត្រូវមានទីតាំងចតរថយន្តលើផ្ទៃដីរាបស្មើ និងដាក់ហ្វ្រាំងដៃបន្ថែម។
៣. បើកគម្របម៉ាស៊ីន៖ ត្រូវស្វែងរកមើលកន្លែងម៉ាកេប្រេងប្រអប់លេខ ហើយមើលពណ៌របស់វា ដែលជាទូទៅ ពណ៌ក្រហម ឬផ្កាឈូក។

៤. ឆែកកម្រិតប្រេង៖ ជូតសម្អាតម៉ាកេប្រេងប្រអប់លេខឲ្យបានស្អាត ហើយដាក់ចូលវិញ បន្ទាប់មកលើកម៉ាកេឡើងមកវិញ ដោយត្រូវមើលថា វាជាប់ប្រេងដល់ចំណុច Hot ឬនៅ។ បើដល់ចំណុចនេះហើយ មានន័យថា បរិមាណប្រេងគឺគ្រប់គ្រាន់ តែបើស្ថិតក្រោមចំណុចនេះ មានន័យថាបាត់ប្រេងហើយ ដែលត្រូវយកចូលការ៉ាស់ ដើម្បីត្រួតពិនិត្យរកកន្លែងលេចជ្រាប និងមូលហេតុផ្សេងៗ។
៥. មើលស្ថានភាពប្រេង៖ ក្រៅពីកម្រិតប្រេងប្រអប់លេខ ក៏ត្រូវមើលពណ៌ពណ៌ប្រេងថាតើ វាប្រែទៅពណ៌ត្នោតដិត និងខ្មៅឬនៅ ហើយវាធុំក្លិនឈ្ងៀមឬអត់។ បើប្រេងមានលក្ខណៈបែបនេះ គឺគួរផ្លាស់ប្តូរចេញតែម្តង៕




















