
[ទីផ្សារក្នុងស្រុក] កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការប្រកាសឡើងនូវគម្រោងក្នុងការដំឡើងនូវកាំមេរ៉ាអចល័តចាប់ល្បឿនចំនួន ១០ទីតាំងនៅលើកំណាត់ផ្លូវជាតិលេខ៣។


ជាក់ស្តែងកាលពីពេលថ្មីៗ នេះ បើយោងតាមគណនី Facebook ឈ្មោះ Smile បានធ្វើការបង្ហោះឡើងនូវរូបភាពនៃការតេស្តសាកល្បងនៃការដំណើរការកាំមេរ៉ានេះ បានបង្ហាញអោយឃើញថា កាំមេរ៉ាទាំងនេះមានសមត្ថភាពក្នុងការអាចអោយមន្ត្រីបានដឹងនូវ ល្បឿនរបស់រថយន្ត, ប្រភេទរថយន្ត, ផ្លាកលេខរថយន្ត, ការពាក់ខ្សែក្រវ៉ាត់ និងការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ។


គួររំលឹកផងដែរថា ចំពោះកាំមេរ៉ាទាំង ១០ទីតាំងនេះត្រូវបានបំពាក់ឡើងចាប់ពីរង្វង់មូលចោមចៅ ដល់ក្រុងកំពត ជាមួយចម្ងាយសរុប ១៣៥គីឡូម៉ែត្រ ដោយមានទីតាំងនៅត្រង់ចំណុចគីឡូម៉ែត្រ ១៨, គីឡូម៉ែត្រ៣៣, គីឡូម៉ែត្រ ៤៣, គីឡូម៉ែត្រ៧៤, គីឡូម៉ែត្រ៨៦, គីឡូម៉ែត្រ១០២, គីឡូម៉ែត្រ ១០៩, គីឡូម៉ែត្រ ១៣៤, គីឡូម៉ែត្រ ១៥១ និងគីឡូម៉ែត្រ ១៦១។

បន្ថែមពីនេះ គម្រោងនៃការតម្លើងកាំមេរ៉ាអចល័តចាប់ល្បឿនចំនួន ១០ទីតាំងនៅលើកំណាត់ផ្លូវជាតិលេខ ៣នេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គស្នងការដ្ឋាននគរបានជាតិ ក្នុងការជួយកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ និងសម្រួលការធ្វើដំណើរ ដើម្បីរក្សាបាននូវសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ៕