
នេះគឺជាដំណើរជីវិតពិតរបស់លោក Bill MacEachern ជនជាតិកាណាដា ដែលបានបង្កើតប្រវត្តិសាស្ត្រជាមួយរថយន្ត Porsche 911 Turbo ម៉ូឌែល 930 របស់លោក ដោយលោកគឺបានប្រើប្រាស់នូវរថយន្តមួយនេះបានចម្ងាយដ៏ទៅ ១ លានគីឡូម៉ែត្រឯណ្ណោះ។

ចំពោះប្រវត្តិរបស់រថយន្តមួយនេះ វាគឺត្រូវបានលោក Bill MacEachern ទិញមកតាំងពីឆ្នាំ ១៩៧៦ មកម្លេះ ហើយគាត់តែងតែប្រើប្រាស់នូវរថយន្តនេះជាប្រចាំថ្ងៃ ដើម្បីបំពេញការងារនៅក្នុងអាជីវកម្មរបស់គាត់ ពោលគឺមិនមែនទិញឡានមកដើម្បីទុកដាក់តាំងបង្ហាញនោះឡើយ។ ពោលគឺនៅជារៀងរាល់ព្រឹក គាត់តែងតែប្រើប្រាស់រថយន្តកម្លាំងរាប់សិបសេះនេះ ដើម្បីដឹកជញ្ជូនសម្ភារៈបោកអ៊ុត និងបើកបរឆ្លងកាត់រដ្ឋជាច្រើននៅក្នុងទ្វីបអាមេរិកខាងជើង ដើម្បីជួបអតិថិជន ពោលគឺមិនថាស្ថិតក្នុងអាកាសធាតុក្តៅហួតហែង ឬផ្លូវដែលមានព្រិលធ្លាក់នោះឡើយ។

ក្នុងនោះ អ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលបំផុតនោះគឺនៅឆ្នាំ ២០១២ រថយន្តនេះក៏បានបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយដោយរត់បានចម្ងាយដល់ទៅ ១ លានគីឡូម៉ែត្រឯណ្ណោះ បន្ទាប់ពីប្រើប្រាស់អស់រយៈពេលជិត ៤០ឆ្នាំ។ បច្ចុប្បន្ន រថយន្តនេះ គឺត្រូវបានគេរាយការណ៍ថា បានបើកបរបានចម្ងាយដល់ទៅ ១,៣ លានគីឡូម៉ែត្រឯណ្ណោះ។

យ៉ាងណាមិញ ទោះបីជាឡាន Porsche 911 Turbo របស់លោក Bill MacEachern នេះ អាចបើកបានជាង ១,៣ លានគីឡូម៉ែត្រក៏ដោយ ក៏ប៉ុន្តែវាគឺមិនអាចចៀសផុតពីការខូចខាត និងការជួសជុលនោះឡើយ ដោយវាគឺត្រូវបានម្ចាស់ផ្ទាល់យកទៅជួសជុល និងថែទាំជាច្រើនលើកជាច្រើនសារ ពោលគឺមានទាំងការជួសជុលប្រអប់លេខ និងការ Rebuilt ឬ Upgrade ម៉ាស៊ីនជាដើម។ បច្ចុប្បន្ន រថយន្តនេះ ដំណើរការដោយម៉ាស៊ីនទំហំ ៣.៤លីត្រ កម្លាំង ៦៦០ សេះ ធ្វើឱ្យវាកាន់តែខ្លាំង និងធន់ជាងមុន។ ហើយដើម្បីសាកល្បងរថយន្តរបស់គាត់ គាត់ក៏បានយកនូវរថយន្តនេះទៅតេស្តល្បឿននៅក្នុងព្រឹត្តិការណ៍ Texas Mile ផងដែរ ពោលគឺអាចរត់បានដល់ទៅ ២៩៦ គីឡូម៉ែត្រ/ម៉ោងឯណ្ណោះ៕

គួរបញ្ជាក់ថា បើទោះបីជាស្ថានភាពបច្ចុប្បន្ន លោក Bill មានអាយុ ៨៩ ឆ្នាំក៏ដោយ ក៏ប៉ុន្តែលោកក៏នៅតែយករថយន្តនេះមកបើកបរជាប្រចាំថ្ងៃធម្មតាផងដែរ ហើយគោលបំណងរបស់គាត់គឺគាត់ចង់បើកឡាននេះឱ្យបានចម្ងាយដល់ទៅ ១,៦ លានគីឡូម៉ែត្រឯណ្ណោះ មុនពេលគាត់ឈប់សម្រាក និងប្រគល់ជាមរតកឲកូនប្រុសរបស់គាត់។
សរុបមក សម្រាប់លោក Bill រថយន្ត Porsche មួយគ្រឿងនេះ មិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាគឺជាមិត្តដ៏ល្អបំផុតដែលបានរួមដំណើរជាមួយលោកជិតកន្លះសតវត្សរ៍៕

















