
នេះគឺជា Dhabiyan, រថយន្ត SUV ដែលមានទំហំធំបំផុតនៅលើពិភពលោក។ រថយន្តនេះ គឺជាកម្មសិទ្ធិរបស់ព្រះអង្គម្ចាស់ Sheikh Hamad bin Hamdan Al Nahyan ដែលជាសមាជិកព្រះរាជវង្សានុវង្សនៃទីក្រុងអាប៊ូដាប៊ីរបស់ប្រទេសអារ៉ាប់រួម ដែលទ្រង់មានទ្រព្យសម្បត្តិមហាសាលរហូតដល់ទៅ ២០ ប៊ីលានដុល្លារ។ ក្នុងនោះ រហស្សនាមរបស់ទ្រង់ គឺត្រូវបានល្បីល្បាញពេញពិភពលោកថា “Rainbow Sheikh” ព្រោះកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ ទ្រង់បានកុម្ម៉ង់ទិញរថយន្ត Mercedes-Benz 500 SEL ជំនាន់ W126 ចំនួន ៧ គ្រឿង ទៅតាមពណ៌នៃឥន្ទធនូ រហូតដល់ថ្នាក់លេចឮព័ត៌មានថារោងចក្ររបស់ក្រុមហ៊ុន Mercedes ត្រូវផ្អាកការផលិតរថយន្តផ្សេងទៀតជាបណ្តោះអាសន្ន ដើម្បីតែផលិតរថយន្តសម្រាប់ទ្រង់។

លក្ខណៈពិសេសរបស់រថយន្ត Dhabiyan មួយនេះ គឺជាកំពូលរថយន្ត SUV ដែលឡើងដោយការរួមបញ្ចូលគ្នានូវគ្រឿងបង្គុំចម្លែកៗពីរថយន្ត ៥ ម៉ូដែលផ្សេងគ្នា ដោយគ្រោងឆ្អឹង ឬក៏សាក់ស៊ី គឺប្រើប្រាស់នូវគ្រោងឆ្អឹងរបស់រថយន្តយោធាអាមេរិក Oshkosh M1075 military truck ដែលជាប្រភេទរថយន្តសម្រាប់ដឹកជញ្ជូនរថក្រោះ និងកាំភ្លើងធំនៅលើសមរភូមិ, កាប៊ីន គឺយកចេញពីរថយន្ត Jeep Wrangler Unlimited, ប៉ាណាមុខប្រើប្រាស់រចនាបថបុរាណរបស់រថយន្តដឹកទំនិញធុនធ្ងន់ក្នុងកំឡុងឆ្នាំ ១៩៤០, ចង្កៀងមុខយកមកពីរថយន្តភីកអាប់ Ford Super Duty និងផ្នែកខាងក្រោយគឺដកស្រង់ចេញពីរថយន្ត Dodge Dart ។
ជារួម រថយន្តនេះ មានប្រវែង ១០,៨ ម៉ែត្រ, កម្ពស់ ៣,២ ម៉ែត្រ, ទទឹង ២,៥ ម៉ែត្រ, ទម្ងន់ ២៤ តោន, ប្រើប្រាស់នូវកង់ធំៗចំនួន ១០ គ្រាប់ ក្លាយជារថយន្ត SUV ធំបំផុតនៅលើពិភពលោក។

យ៉ាងណាមិញ បើទោះបីជារថយន្តនេះមានការកែច្នៃរួមផ្សំគ្នាចេញពីរថយន្តជាច្រើនក៏ដោយ ប៉ុន្តែសម្រាប់ផ្នែកម៉ាស៊ីនវិញ គឺប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូតចំណុះ ១៥,២ លីត្រ ដែលមានកម្លាំងសេះ ៦០០ សេះដដែលនោះទេ។
គួរបញ្ជាក់ថា ដោយសារតែផ្នែកខាងមុខរបស់រថយន្តមួយនេះមានប្រវែងវែងពេក ធ្វើឲ្យអ្នកបើកបរមិនអាចមើលឃើញផ្លូវខាងមុខច្បាស់ ហេតុនេះហើយ គេក៏បានរចនារថយន្តនេះដោយបំពាក់នូវប្រព័ន្ធកាមេរ៉ាជុំវិញជាច្រើនគ្រាប់ រួមជាមួយប៊ូតុងបញ្ជា និងអេក្រង់ជាច្រើន នៅខាងក្នុងកាប៊ីន ដើម្បីសម្រួលដល់ការមើលផ្លូវ និងការបើកបរផងដែរ ដោយផ្នែកកាប៊ីនខាងក្នុង គឺអាចអង្គុយបានសម្រាប់មនុស្ស ៤ ទៅ ៥ នាក់។

បច្ចុប្បន្ន រថយន្តមួយនេះ គឺត្រូវបានរក្សាទុក និងដាក់បង្ហាញជាសាធារណៈនៅក្នុងសារមន្ទីរ Off-Road History Museum ដែលស្ថិតនៅតំបន់ Al Madam ក្នុងរដ្ឋ Sharjah នៃប្រទេសអារ៉ាប់រួម រួមជាមួយរថយន្តរាប់រយគ្រឿងផ្សេងទៀត សម្រាប់បង្ហាញឲ្យមនុស្សម្នាបានចូលទស្សនា៕

















