មកហើយ! BYD Denza N9 ជម្រើសអគ្គិសនីលាយសុាំង អាចបើកបរបានចម្ងាយ ១៦៥គ.ម ដោយប្រើថាមពលអគ្គិសនីសុទ្ធ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនក្នុងត្រកូល N បន្ទាប់ពី N7 និង N8 គឺរថយន្ត Denza N9 ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ ផ្តល់ជូនទាំងជម្រើសអគ្គិសនីសុទ្ធ និង Plug-in Hybrid ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ នៅក្នុងទីផ្សារចក្រភពអង់គ្លេស និងទីផ្សារប្រទេសចិន។

ចំពោះរថយន្ត BYD Denza N9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង  Denza e3 platform មានប្រវែងតួខ្លួនសរុប ៥ ២៥៨ ម.ម ទទឹង ២ ០៣០ ម.ម កម្ពស់ ១ ៨៣០ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២៥ ម.ម ដំណើរការដោយ៖
  • ម៉ូទ័រអគ្គិសនីចំនួន ៣ សម្រាប់ជម្រើសអគ្គិសនីសុទ្ធ ពោលបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣០៨សេះ នៅផ្នែកខាងមុខ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣២២ សេះ នៅផ្នែកខាងក្រោយ ខណៈទំហំ និងប្រភេទអាគុយ រួមទាំងចម្ងាយបើកបរ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។
  • ម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ ផ្គួបជាមួយអាគុយទំហំ ៤៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦៥ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរថយន្ត BYD Denza N9 ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខបិទជិត សម្រាប់ជម្រើសអគ្គិសនីសុទ្ធ អបដោយសំណុំចង្កៀងមុខ LED ប្រភេទគុជចំនួន ៣គ្រាប់ ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ២២អ៊ីញ រួមនឹងចង្កៀងក្រោយប្រភេទ LED ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មាននៅផ្នែកខាងក្នុង ខាងក្រុមហ៊ុនបាននិយាយថា នឹងទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម