មកហើយ! Chery Exeed VX ជម្រើសម៉ាសុីន Plug-in Hybrid អាចបើកបរបានចម្ងាយ ១៤៣គ.ម ដោយប្រើថាមពលអគ្គិសនីសុទ្ធ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួន គឺរថយន្ត Chery Exeed VX ដែលជារថយន្តប្រណិតប្រភេទ SUV ខ្នាតធំ ៧កៅអី ជម្រើសម៉ាសុីនកូនកាត់ Plug-in Hybrid នៅក្នុងទីផ្សារប្រទេសចិន ខណៈតម្លៃមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

ចំពោះរថយន្ត Chery Exeed VX មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩៤០ ម.ម កម្ពស់ ១ ៨០០ ម.ម ទម្ងន់ ២ ២៨០ គ.ក និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៥៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន៣ ទំហំ ៤៥៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៤,៤៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៣ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ មានកម្រិតសុីប្រេង ៦,៨៨ លីត្រ/១០០គ.ម និងភ្ជាប់ដោយប្រអប់លេខ Dedicated Hybrid Transmission (DHT) ចំនួន ៣វគ្គ និងប្រព័ន្ធបើកបរប៉ុង២ AWD និងអាចរត់ស្ទុះពី ០ ទៅ ១០០ គ.ម ចំណាយពេល ៤,២៦ វិនាទី ប៉ុណ្ណោះ។

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅ រថយន្ត Chery Exeed VX ត្រូវបានរចនាបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំ អបដោយសំណុំចង្កៀងមុខ-ក្រោយ LED រាងអក្សរ L ព្រមទាំងថាសកង់ស្ព័ររចនាថ្មីមានឡូហ្គូលទំហំ ១៩ និង ២០អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ព័ត៌មាននៅផ្នែកខាងក្នុង ខាងក្រុមហ៊ុនបាននិយាយថា នឹងទទួលបានការរចនាបែប Luxury ដែលបំពាក់ជាមួយបច្ចេកវិទ្យាឆ្លាតវៃ អេក្រង់កម្សាន្ត និងព៌ត័មានចំនួន៣ រួមនឹងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរដ៏សំបូរបែប៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម