កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Geely Galaxy Starship 7 ប្រភេទ SUV ប្រើប្រាស់ម៉ាសុីនកូនកាត់ Plug-in hybrid ហើយគ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅចុងឆ្នាំ ២០២៤ នេះ ក្នុងទីផ្សារប្រទេសចិន ។
Geely Galaxy Starship 7 ផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង GEA platform មានប្រវែងតួខ្លួនសរុប ៤ ៧៤០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៦៨៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ដំណើរការដោយប្រព័ន្ធម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ១១០ សេះ រួមនឹងម៉ូទ័រអគ្គិសនីចំនួន១ ផ្គួបជាមួយជម្រើសអាគុយទំហំ ១៩ និង ២៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១០០ និង ១៥០ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងមានកម្រិតស៊ីប្រេង ៤,៨លីត្រ/១០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយ ២ ០០០ គីឡូម៉ែត្រ ជាង។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានភាពស្ព័រដោយបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និងដៃទ្វារប្រភេទ Flush-door។
ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បង្ហាញព័ត៌មានឌីជីថល និងអេក្រង់ព៌ត័មានកម្សាន្តទំហំធំ ក៏ដូចជាភ្លើងបំភ្លឺ ambient light ដំបូលបើក កន្លែងសាកថ្មទូរស័ព្ទឥតខ្សែ ប្រព័ន្ធ GPS និងប្រព័ន្ធ ADAS ផ្សេងៗជាដើម៕