
ដើម្បីជាការឆ្លើយតបនឹងការប្រែប្រួលនៃទីផ្សាររថយន្ត និងតម្រូវការជាបន្តបន្ទាប់របស់អតិថិជន, Jeep បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Jeep Compass ឆ្នាំ ២០២៦ ជំនាន់ថ្មី សម្រាប់ទីផ្សារអឺរ៉ុប។ រថយន្តនេះ ត្រូវបានរចនាឡើងវិញទាំងស្រុង ដើម្បីផ្តល់បទពិសោធន៍បើកបរឲកាន់តែប្រសើរឡើង និងមានភាពទាន់សម័យដែលគួរឱ្យទាក់ទាញជាងមុននៅក្នុងលំហូររថយន្តប្រភេទ SUV ខ្នាតមធ្យមនាពេលសព្វថ្ងៃនេះ។
Jeep Compass ថ្មីនេះ ត្រូវបានស្ថាបនាឡើងនៅលើគ្រោងឆ្អឹង STLA Medium ដែលជាគ្រោងឆ្អឹងចុងក្រោយបង្អស់ និងដូចគ្នាទៅនឹងរថយន្ត Peugeot 3008, Opel Grandland និង Citroen C5 Aircross ដែរ។ សម្រាប់ការរចនាជំនាន់ថ្មីនេះ វាមានទំហំធំជាងមុនជាមួយប្រវែងសរុប ៤ ៥៥០ ម.ម និងប្រវែងគម្លាតកង់ ២ ៧៩៥ ម.ម ដែលប្រវែងនេះនឹងនាំឲ្យផ្នែកខាងក្នុងរបស់រថយន្តមានភាពធំទូលាយជាងមុន និងមានសមត្ថភាពដឹកជញ្ជូនបន្ថែមដល់ ៥៥០ លីត្រ។
ចំពោះការរចនាផ្នែកក្រៅវិញ វាមានរូបរាងមូលស្អាត និងទាន់សម័យជាងមុន ដោយមានជម្រើសពណ៌ចំនួន ៦ ដូចជា Hawaii Green និង Antarctica White ជាដើម។ ក្នុងនោះ មិនត្រឹមតែមានការកែប្រែទៅលើការរចនាប៉ុណ្ណោះទេ តែសម្រាប់ជម្រើសថាមពលវិញក៏ទទួលបាននូវជម្រើសច្រើនផងដែរមានដូចជា៖
- e-Hybrid 48V ផលិតកម្លាំងបាន ១៤៥សេះ
- Plug-in Hybrid ផលិតកម្លាំងបាន ១៩៥ សេះ
- អគ្គិសនីសុទ្ធ (FWD និង AWD) ផលិតកម្លាំងបានចាប់ពី ២១៣ ដល់ ៣៧៥ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ (WLTP) និងគាំទ្រការសាកល្បឿនលឿនពី ២០ ទៅ ៨០ភាគរយ ក្នុងពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។
ក្រៅពីនេះ រថយន្តនេះ ក៏ត្រូវបានបំពាក់់មកជាមួយបច្ចេកវិទ្យា និងសម្ភារៈដែលមានគុណភាពខ្ពស់ផងដែរ មិនថាទាំងផ្នែកខាងក្នុង ឬខាងក្រៅនោះឡើយ ដើម្បីផ្គូផ្គងទៅនឹងភាពរឹងមាំដែលជាអត្តសញ្ញាណរបស់ Jeep ។ គួរបញ្ជាក់ថា ការដាក់លក់ជាផ្លូវនឹងចាប់ផ្តើមនៅក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះនៅក្នុងទីផ្សារតំបន់អឺរ៉ុប ខណៈការផលិតនឹងដំណើរការនៅក្នុងប្រទេសអ៊ីតាលី ប៉ុន្តែតម្លៃមិនទាន់បង្ហាញចេញនៅឡើយនោះទេ៕