Cabonline ដែលជាក្រុមហ៊ុនតាក់ស៊ីធំជាងគេនៅក្នុងតំបន់ Nordic នៃទ្វីបអឺរ៉ុប នឹងសហការជាមួយក្រុមហ៊ុន Volvo ដើម្បីសាកល្បងបច្ចេកវិទ្យាសាកថ្មឥតខ្សែសម្រាប់រថយន្តអគ្គិសនីសុទ្ធ នៅលើតាក់ស៊ីមួយចំនួនដែលកំពុងប្រតិបត្តិការនៅទីក្រុង Gothenburg ប្រទេសស៊ុយអែត។
ដំណើរការដូចឆ្នាំងសាកទូរសព្ទឥតខ្សែនៅក្នុងរថយន្តជាច្រើន អ្នកបើកបរដែលប្រើការសាកឥតខ្សែនឹងគ្រាន់តែចតរថយន្តរបស់ពួកគេដើម្បីចាប់ផ្តើមសាកថ្ម ហើយមិនចាំបាច់ចេញពីវាទាល់តែសោះ។ Cabonline នឹងទទួលបាន Volvo XC40 Recharges ជាមួយនឹងឧបករណ៍ទទួលពិសេសដែលភ្ជាប់ឥតខ្សែទៅកាន់បន្ទះសាកដែលផលិតដោយ Momentum Dynamics ដែលបង្កប់នៅតាមផ្លូវ។
ក្នុងនោះ លោក Mats Moberg ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រុមហ៊ុន Volvo Cars បាននិយាយថា “តំបន់ Gothenburg Green City អនុញ្ញាតឲ្យយើងសាកល្បងបច្ចេកវិទ្យាថ្មីៗដ៏គួរឲ្យរំភើបនៅក្នុងបរិយាកាសជាក់ស្តែង និងវាយតម្លៃពួកវាតាមពេលវេលាសម្រាប់ការណែនាំដ៏ទូលំទូលាយនាពេលអនាគត” ។ “ការសាកល្បងបច្ចេកវិទ្យាសាកថ្មថ្មីរួមគ្នាជាមួយដៃគូដែលបានជ្រើសរើសគឺជាវិធីដ៏ល្អមួយដើម្បីវាយតម្លៃជម្រើសនៃការសាកថ្មជំនួសសម្រាប់រថយន្តនាពេលអនាគតរបស់យើង។”
គួរឲ្យដឹងថា បន្ទះនេះអាចសាករថយន្តបានដល់ទៅ ៤០គីឡូវ៉ាត់ ដែលលឿនដូចទៅនឹង DC fast-charging ports ដែលដំណើរការនៅ ៥០គីឡូវ៉ាត់ ហើយក៏លឿនជាងឆ្នាំងសាកធម្មតា AC ១១គីឡូវ៉ាត់ផងដែរ។
ដើម្បីប្រើការសាកឥតខ្សែ អ្នកបើកបរគ្រាន់តែត្រូវចតរថយន្តក្នុងទីតាំងត្រឹមត្រូវនៃបន្ទះសាក ដោយមានជំនួយពីកាមេរ៉ា ៣៦០ ដឺក្រេរបស់ Volvo XC40 Recharge ។ តាក់ស៊ីអគ្គិសនីទាំងនេះត្រូវបានគេរំពឹងថានឹងដំណើរការលើសពី ១២ ម៉ោង/ថ្ងៃ និងបើកបរលើសពី ១០០,០០០ គីឡូម៉ែត្រ/ឆ្នាំ ដែលធ្វើឲ្យវាក្លាយជាការធ្វើតេស្តដ៏សំខាន់សម្រាប់បច្ចេកវិទ្យារថយន្តអគ្គិសនី របស់ Volvo ជាទូទៅផងដែរ។
ការធ្វើតេស្តនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមតំបន់ Gothenburg Green City ដែលក្រុមហ៊ុន Volvo បានប្រកាសពីការចូលរួមរបស់ខ្លួនកាលពីឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរការដឹកជញ្ជូនរបស់ទីក្រុងទៅជាគ្មានការបំភាយឧស្ម័ន ១០០% នៅត្រឹមឆ្នាំ ២០៣០៕