មិនគួរឲជឿ! សាកថ្មបានចម្ងាយ ៤០០គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ

ទោះបីជាការប្រើប្រាស់រថយន្តអគ្គិសនី (EV) នាពេលបច្ចុប្បន្ននេះកំពុងមានការកើនឡើងខ្លាំងក៏ដោយ ក៏ប៉ុន្តែបញ្ហាដ៏ធំមួយដែលធ្វើឱ្យមនុស្សជាច្រើននៅតែមានការព្រួយបារម្ភ និងពិបាកក្នុងការសម្រេចចិត្តប្រើប្រាស់នូវរថយន្តអគ្គិសនី (EV) នោះ គឺត្រូវចំណាយពេលវេលាសាកថ្មយូរ។ ដូចនេះ ដើម្បីធ្វើការដោះស្រាយនូវបញ្ហានេះ ពេលនេះ ក្រុមហ៊ុន BYD បានបង្ហាញចេញនូវបច្ចេកវិទ្យាសាកថ្មថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ គឺអាចសាកថ្មបានលឿនដូចគ្នានឹងការចាក់សាំងអញ្ចឹង។

យោងតាមការប្រកាស និងវីដេអូមួយដែលកំពុងពេញនិយមនៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញថា រថយន្តអគ្គិសនី BYD នៅពេលដែលប្រើប្រាស់នូវប្រព័ន្ធសាកថ្មថ្មីនេះ គឺអាចសាកបានចម្ងាយប្រហែល ២៥០ម៉ាយ ឬ ៤០០ គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ សម្រាប់ប្រព័ន្ធសាកថ្មថ្មីរបស់ក្រុមហ៊ុន BYD នេះផងដែរ គឺត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Super e-Platform។ វាជាប្រព័ន្ធសាកថ្ម 1000V ដែលរួមបញ្ចូលគ្នារវាងថ្ម ម៉ូទ័រ ប្រព័ន្ធផ្គត់ផ្គង់ថាមពល និងប្រព័ន្ធដំណើរការទាំងអស់ឲ្យធ្វើការជាមួយគ្នានៅក្នុងប្រព័ន្ធប្រតិបត្តិការតែមួយ។

ចំណុចសំខាន់បំផុតនៃប្រព័ន្ធនេះ គឺថ្ម Flash Charging ថ្មី ដែលអាចទ្រាំទ្រចរន្តបានដល់ 1000A, បច្ចេកវិទ្យាសាក 10C និងប្រព័ន្ធកាត់បន្ថយកម្តៅពេលសាកល្បឿនលឿន។ ដោយសារតែបច្ចេកវិទ្យាទាំងនេះ ប្រព័ន្ធនេះ គឺអាចផ្គត់ផ្គង់ថាមពលនៅពេលសាកទៅអោយរថយន្តបានរហូតដល់ ១មេហ្គាវ៉ាត់ ឬ ១ ០០០គីឡូវ៉ាត់ឯណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់រថយន្ត BYD ដែលប្រើប្រាស់នូវបច្ចេកវិទ្យានេះ រួមមានរថយន្ត BYD Han L ប្រភេទ Sedan និងរថយន្ត BYD Tang L ប្រភេទ SUV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម