
នៅពេលដេររថយន្តមិនឆេះ អ្នកបើកបរភាគច្រើន គិតលើកំហូចធំៗពីរ គឺអាគុយ ឬដុំដេរ។ ការពិតទៅ មានមូលហេតុច្រើនផ្សេងទៀត ដែលបណ្តាលឲ្យរថយន្តមិនអាចដេរឆេះបាន រួមមានដូចខាងក្រោមៈ
១. ខូចអាគុយ
នេះជាមូលហេតុសាមញ្ញមួយសម្រាប់រថយន្តដែលដេរមិនឆេះ។ ជាទូទៅអាយុកាលរបស់អាគុយ ត្រឹម ៣ ទៅ ៥ឆ្នាំប៉ុណ្ណោះ។ អ្នកអាចកត់សម្គាល់សញ្ញាមួយចំនួន ពេលអាគុយខ្សោយ ឬជិតខូច ដូចជា ភ្លើងកុងទ័ររាងងងឹត ពិបាកបញ្ឆេះពេលព្រឹក ឬពេលខ្លះបញ្ឆេះហើយស្រាប់តែរលត់វិញ និងត្រូវប្រយ័ត្នពេលដល់អាយុកាលរបស់អាគុយ។
២. ខូចឌីណាម៉ូ
ពេលឌីណាម៉ូខូច វាមិនអាចសាកភ្លើងឲ្យអាគុយបានឡើយ ហើយវាក៏ជាអ្នកគ្រប់គ្រងប្រព័ន្ធភ្លើងរថយន្ត បន្ទាប់ពីរថយន្តត្រូវបានបញ្ឆេះរួច។ រោគសញ្ញាដែលអ្នកអាចដឹងថា គឺនៅពេលចេញសញ្ញាអាគុយលើកុងទ័រ។
៣. ខូចដុំដេរ
វាជាអ្នកបម្លែងថាមពលពីអាគុយ ទៅជាថាមពលមេកានិចដើម្បីបង្វិលបញ្ឆេះម៉ាស៊ីនបាន។ ដូច្នេះទោះមានឌីណាម៉ូ និងអាគុយល្អយ៉ាងណាក៏ដោយ ក៏រថយន្តមិនអាចដេះឆេះដែរ បើខូចដុំដេរទៅហើយនោះ។ បញ្ហានេះ ភាគច្រើនកើតឡើងចំពោះរថយន្តចាស់ៗ ដោយសារដុំដេរមានអាយុកាលរបស់វាដែរ។ លោកអ្នកអាចកត់សម្គាល់បាននៅពេលកាច់បញ្ឆេះ មិនលឺសំឡេងអ្វី ប៉ុន្តែក្នុងកុងទ័រមានពន្លឺ និងចេញសញ្ញា Check ទៀតផង។
៤. បូមប្រេង
វាជាអ្នកបញ្ជូនប្រេងចូលដល់ក្នុងបន្ទប់ចំហេះ ដើម្បីដុតបញ្ឆេះជាមួយល្បាយខ្យល់ ដូច្នេះ បើវាខូច គឺគ្មានអ្នកបញ្ជូនសាំង ហើយរថយន្តក៏មិនអាចបញ្ឆេះបានដែរ។
៥. ដាច់ខ្សែពាន
បើខ្សែពានខូច គឺវាមិនអាចភ្ជាប់ចលនាបង្វិលពីឡាបអាកាមនៅក្បាលគុយឡាស មក វីឡឺប្រឺកាំងនៅប្លុកស៊ីឡាំងដែលនៅលើខ្សែពាននេះបានឡើយ បណ្តាលឲ្យម៉ាស៊ីនមិនដំណើរការនោះទេ។
៦. ដៃចង្កូតគាំង
ជួនកាលដៃចង្កូតរថយន្តគាំងជាប់សោ ដើម្បីប្រឆាំងនឹងបំណងចោរកម្ម។ វាអាចកើតឡើងនៅពេលដែលមាននរណា រុញរថយន្ត ទាំងដែលមិនចាក់សោរបញ្ឆេះ។ អ៊ីចឹង អ្នកអាចចាក់សោរបញ្ឆេះបណ្តើរ និងបង្វិលចង្កូតទៅឆ្វេងទៅស្តាំបន្តិច វាអាចនឹងបដំណើរការវិញហើយ។
៧. បញ្ហាប្រព័ន្ធភ្លើងផ្សេងៗ
ពេលរថយន្តមិនអាចដេរបញ្ឆេះបាន វាក៏អាចពាក់ព័ន្ធនឹងការដាច់ខ្សែភ្លើង នៅចំណុចណាមូយ ឬខូចហ្វុយហ្សីបជាដើម៕