រថយន្ត Porsche Taycan ដែលជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នាពេលនេះបានក្លាយជារថយន្តប្រណីតដែលលក់ដាច់បានច្រើនជាងគេនៅអូស្ត្រាលី។
ចាប់តាំងពីឆ្នាំ ២០០០ មករថយន្ត Mercedes-Benz E-Class និងរថយន្ត BMW 5 Series តែងតែស្ថិតនៅតំណែងកំពូលនៃតារាងរថយន្តប្រណីតលក់ដាច់បានច្រើនជាងគេដែលបានឆ្លាស់វេនគ្នាជារៀងរាល់ខែ។
យ៉ាងណាក្ដីកាលពីខែមីនាឆ្នាំ ២០២១ រថយន្ត Porsche Taycan ស៊េរីឆ្នាំ២០២១ អាចលក់ចេញបាន ១៦១គ្រឿង ធៀបនឹងរថយន្ត E-Class លក់បាន ១៥៥គ្រឿង និងរថយន្ត 5 Series លក់បាន ៣១គ្រឿង។
គួរដឹងថានេះជាលើកដំបូងហើយដែលរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបានជាប់ជារថយន្តប្រណីតលក់ដាច់ជាងគេប្រចាំខែនៅប្រទេសអូស្ត្រាលី។ យ៉ាងណាក្ដីគួរបញ្ជាក់ថា Tesla ដែលជាក្រុមហ៊ុនចែកចាយរថយន្តអគ្គិសនីធំជាងគេនៅអូស្ត្រាលីមិនបានរាយការណ៍ពីទិន្នន័យលក់របស់ខ្លួនឡើយ៕