
បើទោះបីជាការលក់រថយន្តអ៊ីដ្រូសែន Mirai របស់ Toyota មានការធ្លាក់ចុះ លក់បានចំនួនតិចតួចយ៉ាងណាក៏ដោយ ប៉ុន្តែក្រុមហ៊ុនជប៉ុននេះ មិនរាថយឡើយ ពោលគឺថែមទាំងបានប្រកាសចេញស៊េរីឆ្នាំ២០២៦ និងតម្លៃរបស់វា ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ព្រោះគេស្មានថា Toyota នឹងឈប់ផលិតលក់វាទៀតហើយ។

សម្រាប់ទីផ្សារអាមេរិក រថយន្ត Toyota Mirai 2026 មានតម្លៃចាប់ពីជាង ៥១ ០០០ដុល្លារឡើងទៅ បំពាក់ប្រព័ន្ធចំហេះអ៊ីដ្រូសែន មានកម្លាំង ១៨២សេះ កម្លាំងរមួល ២៩៩ញូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ៦៤៧គីឡូម៉ែត្រ។ ការចាក់បំពេញអ៊ីដ្រូសែនសម្រាប់រថយន្តនេះ ចំណាយពេលប្រហែល ៥នាទីប៉ុណ្ណោះ ដូចការចាក់សាំងដែរ។

គិតមកត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២៥ Toyota លក់ Mirai បានតែ ១៤៧គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះ ៥៤% បើប្រៀបធៀបនឹងឆ្នាំមុន។ យ៉ាងណាមិញ រថយន្តនេះត្រូវបានលក់តែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ១គត់ ដែលជារដ្ឋមានស្ថានីយបញ្ចូលអ៊ីដ្រូសែនច្រើនជាងគេ។
រថយន្តនេះ មកជាមួយយ៉ាន់កង់ទំហំ ១៩អ៊ីញ, ចង្កៀង LED ដែលបំពាក់ប្រព័ន្ធភ្លើងហ្វាអូតូ, អេក្រង់កម្សាន្តថាច់ស្គ្រីន ១២,៣អ៊ីញ និង កុងទ័រ ១២,៣អ៊ីញផងដែរ ដែលបង្ហាញពីព័ត៌មានចម្ងាយបើកបរ និងកម្រិតអ៊ីដ្រូសែនដែលនៅសល់ក្នុងធុងជាដើម។ ក្រៅពីនេះ Toyota Mirai បានបំពាក់បច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតផងដែរ៕

























