
ស្របពេលបច្ចេកវិទ្យាដែលបំពាក់នៅលើរថយន្តកាន់តែទំនើប វាក៏បានបង្កើតឱកាសថ្មីសម្រាប់ក្រុមចោក្នុងការលួចរបស់ដែលមានតម្លៃថ្លៃៗ។ ដោយរយ:ពេលចុងក្រោយនេះ រ៉ាដាសេនស័រ (Radar Sensor) បានក្លាយជាគោលដៅថ្មីសម្រាប់ការលួចនៅអាមេរិច ដោយសារតែវាមានភាពងាយស្រួលក្នុងការដោះ។
អ្នកជំនាញបាននិយាយថា ប្រសិនបើចោរមានបទពិសោធន៍ គេចំណាយពេលត្រឹមតែ ២ ទៅ ៣ នាទីប៉ុណ្ណោះដើម្បីលួចវា។ ជួនកាលគ្រាន់តែដោះខ្ចៅពីរគ្រាប់ចេញ គឺអាចយកបានហើយ ដែលធ្វើឱ្យម្ចាស់រថយន្តត្រូវខាតបង់ប្រាក់ពី ២ ០០០ ទៅ ៣ ០០០ ដុល្លារសម្រាប់ការទិញថ្មី ហើយការដំឡើងប្រព័ន្ធឡើងវិញ (Recalibration) អាចអស់ប្រាក់ ៥០០ដុល្លារបន្ថែមទៀត។ ម៉ូដែលរថយន្តចាប់ពីឆ្នាំ២០១៥ ឡើងទៅគឺជាគោលដៅចម្បងក្នុងការលួច រថយន្តកាន់តែថ្មីសេនស័រកាន់តែថ្លៃ។ រថយន្ត Toyota, Acura និង Honda គឺជាម៉ាកដែលមានសេនស័រនៅពីក្រោយឡូហ្គោខាងមុខ ប៉ុន្តែ Honda ជាគោលដៅដែលរងគ្រោះខ្លាំងជាងគេ ជាពិសេសម៉ូដែល Honda CR-V។

អ្នកជំនាញណែនាំឱ្យម្ចាស់រថយន្តទិញ និងដំឡើង “បន្ទះដែកការពាររ៉ាដា” (Metal Radar Protector) ដែលមានតម្លៃប្រហែល ៥០ ទៅ ៦០ ដុល្លារ។ ឧបករណ៍នេះអាចរារាំងចោរមិនឱ្យដោះសិនស័របានដោយងាយ។ ប៉ុន្តែក៏មានករណីខ្លះដែលចោរបានខំប្រឹងគាស់ទាញយកទាំងកម្របប៉ាណាខាងមុខតែម្តង នៅពេលដែលពួកគេមិនអាចដោះសេនស័របាន ដែលបណ្តាលឱ្យខូចខាតតួរថយន្តកាន់តែធ្ងន់ធ្ងរ។

សូមបញ្ជាក់ផងដែរថា រ៉ាដាសេនស័រ (Radar Sensor) មានតួនាទីគាំទ្រដល់ប្រព័ន្ធជំនួយអ្នកបើកបរ ដូចជាប្រពន្ធ័កំណត់ល្បឿនបើកបរ និងបន្ថយល្បឿនដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខ (Adaptive Cruise Control) និងប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ។ សេនស័រទាំងនេះជាទូទៅត្រូវបានដាក់នៅពីក្រោយ ឬនៅក្បែរឡូហ្គោរបស់រថយន្តនៅលើប៉ាណាខាងមុខ ដែលធ្វើឱ្យចោរងាយស្រួលចូលទៅដោះ៕

















