នៅពេលធ្វើដំណើរម្តងៗ អ្នកបើកបររថយន្ត មិនត្រូវធ្វេសប្រហែសដាច់ខាតចំពោះការឡើងកម្តៅខ្លាំងហួសពីចំណុចពាក់កណ្តាល ឬហួសពីសីតុណ្ហភាពប្រតិបត្តិការ (operating temperature) ដែលបង្ហាញក្នុងកុងទ័រ។

ប្រសិនបើរថយន្តស្រាប់តែឡើងកម្តៅ ហើយអ្នកបើកបរមិនបានចាប់អារម្មណ៍នោះ វាមិនត្រឹមតែធ្វើឲ្យរថយន្តត្រូវរលត់កណ្តាលផ្លូវនោះទេ ថែមទាំងត្រូវចំណាយច្រើនលើការជួសជុល ឬអាចមានហានិភ័យធ្ងន់ធ្ងន់ជាងនេះទៀត។ យ៉ាងណាមិញ បើឈប់រថយន្តទាន់ពេលមុនវារលត់ នឹងជួយបានច្រើន ហើយពេលខ្លះអាចនឹងចំណាយលុយបន្តិចបន្តួចប៉ុណ្ណោះ ព្រោះមូលហេតុដែលបណ្តាលឲ្យឡើងកម្តៅ មានធ្ងន់ មានស្រាល តាមករណីដូចខាងក្រោមនេះ
១. ទឹកស្អំអស់ ឬសល់តិចពេក៖ កាលណាទឹកស្អំ មិនគ្រប់សម្រាប់ទប់កម្តៅម៉ាស៊ីន នោះកម្តៅនឹងឡើងខ្លាំង។ ការបាត់ទឹកនេះ ក៏មានមូលហេតុច្រើនថែមទៀត ដូចជា ការលេចជ្រាប បែកធុងទឹក ឬមានការរបូតទុយោផ្នែកណាមួយ ដែលយើងអាចមើលឃើញបាន។ តែការបាត់ទឹកដែលពិបាកធ្វើឲ្យយើងដឹង គឺផ្នែកខាងក្នុង ដូចជា ឆេះរ៉ងក្បាលគុយឡាស់ ប្រេះក្បាលស៊ីឡាំង ខូចគម្របធុងទឹក ឬខូចបូមទឹកជាដើម។

២. ក្លាប៉េ៖ វាជាអ្នកកំណត់សីតុណ្ហភាពក្តៅត្រជាក់នៃទឹក និងបើកឲ្យទឹករត់ទៅមកក្នុងម៉ាស៊ីនដោយស្វ័យប្រវត្តិ។ ដូច្នេះបើវាខូច ការវិលជុំនៃទឹកនឹងមានភាពខុសប្រក្រតី ដែលបណ្តាលឲ្យឡើងកម្តៅម៉ាស៊ីន។

៣. ប្រេងម៉ាស៊ីន៖ ភាគច្រើនការបាត់ប្រេង កើតឡើងលើរថយន្តចាស់ៗ ដែលពេលធ្វើដំណើរផ្លូវឆ្ងាយពេលខ្លះ វាស្ងួតប្រេងតែម្តង ដែលធ្វើឲ្យគ្រឿងបង្គុំម៉ាស៊ីនទង្គិចគ្នាដោយផ្ទាល់ បង្កើនកម្តៅម៉ាស៊ីនកាន់តែខ្ពស់ ហើយជាមួយគ្នានោះ វាក៏លោតចេញឆេកសញ្ញាប្រេងម៉ាស៊ីនផងដែរ។ ករណីខ្លះទៀត រថយន្តមិនបាត់ប្រេងទេ ប៉ុន្តែវាជាការខូចបូមប្រេង ដែលមិនអាចឲ្យប្រេងឡើងទៅរំអិលដល់គ្រឿងបង្គុំបានទេ។

៤. កង្ហា៖ វាជាផ្នែកដ៏សំខាន់មួយផងដែរ នៃប្រព័ន្ធបញ្ចុះកម្តៅ ព្រោះម៉ាស៊ីនក្រៅតែពីត្រូវការប្រេង និងទឹកហើយ ក៏ត្រូវការកង្ហាវិលបក់ជួយបញ្ចុះកម្តៅថែមទៀតផងដែរ។ បើផ្នែកណាមូយដែលធ្វើឲ្យកង្ហាបានខូចគាំង នឹងធ្វើឲ្យម៉ាស៊ីនរថយន្តឡើងកម្តៅបន្តិចម្តងៗ ហើយក្នុងកាប៊ីន ក៏ចាប់ផ្តើមលែងត្រជាក់ផងដែរ៕


















