មេ Lamborghini និយាយថាឡានអគ្គិសនីដំបូងរបស់ខ្លួន ទំនងជាប្រភេទឡាន SUV

[ទីផ្សារបរទេស] Lamborghini ធ្លាប់បានប្រកាសអំពីផែនការថ្ងៃអនាគតរបស់ខ្លួនកាលពីខែឧសភា ឆ្នាំ២០២១ ដែលពេលនោះក្រុមហ៊ុនបានបញ្ជាក់ថារថយន្តគ្រប់ម៉ូដែលរបស់ខ្លួននឹងមានជម្រើសប្រើថាមពលអគ្គិសនីនៅក្នុងឆ្នាំ២០២៤ ជាមួយរថយន្តអគ្គិសនីសុទ្ធដំបូងគ្រោងបង្ហាញខ្លួននៅអំឡុងចុងទសវត្សឆ្នាំ២០៣០។

ពេលនេះលោក Stephan Winkelmann នាយកប្រតិបត្តិ Lamborghini បានចែករំលែកព័ត៌មានបន្ថែមទៀតអំពីរថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន ដោយនិយាយថាវានឹងជាប្រភេទរថយន្តមានទម្រង់កៅអីអង្គុយពីរជួរ ជាមួយកម្ពស់ដែលខ្ពស់ពីដី ដែលមានន័យថាវាទំនងជាប្រភេទរថយន្ត SUV។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដីលោកនាយកប្រតិបត្តិរូបនេះទទួលស្គាល់ថារថយន្តអគ្គិសនីដំបូងរបស់ខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍​ដំបូង និងមិនទាន់មានការសម្រេចចិត្តច្បាស់លាស់ណាមួយនៅឡើយទេ។ លោកបន្ថែមថា ប្រសិនបើគ្រប់យ៉ាងអាចសម្រេចតាមផែនការ នោះគម្រោងការរថយន្តអគ្គិសនីនឹងចាប់ផ្ដើមនៅចុងឆ្នាំ២០២២ បន្ទាប់ពី Concept ដំបូងៗទទួលបានការអនុញ្ញាត។

ទាក់ទងនឹងរថយន្តអគ្គិសនីនេះដែរ លោក Stephan Winkelmann ក៏បានបញ្ជាក់ផងដែរថា រថយន្ត Urus ជំនាន់ទីពីរដែលគ្រោងប្រកាសចេញនាប៉ុន្មានឆ្នាំខាងមុខនឹងជារថយន្តថ្មីសន្លាងទាំងស្រុង ដែលនឹងមានតែជម្រើសថាមពលអគ្គិសនីសុទ្ធមួយមុខប៉ុណ្ណោះ មិនមានជម្រើសម៉ាស៊ីនពីស្តុងឡើយ។ រថយន្ត Urus អគ្គិសនីទំនងជាបង្ហាញវត្តមានក្រោយការបង្ហាញចេញរថយន្តអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុននេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម