លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានធ្វើការអះអាងយ៉ាងជឿជាក់ថាក្រុមហ៊ុននឹងអាចដាក់ដំណើរការប្រព័ន្ធបើកបរស្វ័យប្រវត្តិដល់អតិថិជននៅក្នុងឆ្នាំ ២០២១ ខាងមុខ។
អំឡុងពេលទទួលយករង្វាន់ Axel Springer កាលពីថ្មីៗនេះនៅអាល្លឺម៉ង់ លោក Elon Musk បាននិយាយដូចនេះថា ៖ “ខ្ញុំពិតជាមានជំនឿជាក់ខ្លាំងក្នុងការបញ្ចេញប្រព័ន្ធបើកបរស្វ័យប្រវត្តិជូនដល់អតិថិជនរបស់ Tesla នៅឆ្នាំក្រោយនេះ។”
គួររំលឹកថាកាលពីពាក់កណ្ដាលឆ្នាំ លោកនាយកប្រតិបត្តិរូបនេះធ្លាប់និយាយម្ដងរួចមកហើយថាក្រុមហ៊ុននឹងដាក់ដំណើរការប្រព័ន្ធបើកបរស្វ័យប្រវត្តិនៅដំណាច់ឆ្នាំ ២០២០ នេះ។
កាលពីឆ្នាំ ២០១៩ លោក Elon Musk បានអះអាងថាអាចនឹងមានរថយន្តតាក់ស៊ី Tesla បើកបរស្វ័យប្រវត្តិទាំងស្រុងចំនួន ១លានគ្រឿង ដំណើរការលើដងផ្លូវនៅឆ្នាំ ២០២០ ប៉ុន្តែមកទល់ពេលនេះមិនទាន់ឃើញលទ្ធផលជាក់ស្ដែងនោះទេ៕