ក្រោយពីបានចេញលក់នាវាកម្សាន្ត Lexus LY650 នៅសប្ដាហ៍នេះរួចមក Toyota បានឲ្យតម្រុយថាម៉ាកប្រណីតរបស់ខ្លួន អាចនឹងប្រឡូកចូលក្នុងពិភពយន្តហោះឯកជន។
លោក Akio Toyoda ប្រធានក្រុមហ៊ុន Toyota និងជាប្រធានផ្នែកម៉ាកសញ្ញានៃ Lexus បានលើកឡើងថា ៖ “Toyota ខ្លួនឯងផ្ទាល់គឺកំពុងព្យាយាមវិវត្តខ្លួនពីក្រុមហ៊ុនយានយន្ត ទៅជាក្រុមហ៊ុនយានចល័តមួយ ហើយដើម្បីធ្វើឲ្យតម្លៃម៉ាក Lexus កាន់តែខ្ពង់ខ្ពស់ យើងត្រូវគ្របដណ្ដប់លើដីគោក សមុទ្រ និងខ្យល់អាកាសផងដែរ។”
នៅពេលសួរថា Lexus កំពុងតែធ្វើការផលិតយន្តហោះឬយ៉ាងណានោះ លោក Toyoda បានឆ្លើយតបថា ៖ “គឺថា សូមមេត្តាតាមដានជាមួយពួកយើង ថាយើងមានសកម្មភាពអ្វី ក្នុងផ្នែកនោះ”។
ប្រសិនបើ Toyota មានបំណងបញ្ចេញយន្តហោះឯកជនមែននោះ វាជាសកម្មភាពមួយប្រកួតប្រជែងនឹង HondaJet របស់ Honda ដែលមានលក់ក្នុងតម្លៃ ៤,៥ លានដុល្លារ ដែលជាយន្តហោះមានសមត្ថភាពខ្លាំងក្លាមួយ៕