ក្នុងអំឡុងពេលនៃការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ឬពន្ធផ្លូវ ពោលគឺដូចជា ពន្ធផ្លូវឆ្នាំ២០២៦នេះ បើម្ចាស់រថយន្ត ចង់ផ្ទេរកម្មសិទ្ធិ ឬកាត់ឈ្មោះ ឲ្យអ្នកផ្សេងដែលជាអ្នកទិញរថយន្តបន្តពីខ្លួន ដាច់ខាតគឺត្រូវបង់ពន្ធផ្លូវជាមុនសិន។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា ឯកសារតម្រូវសម្រាប់ការផ្ទេរកម្មសិទ្ធិយានយន្ត រួមមាន៖

១. ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានកាល់លេខតួ ឬលេខសាក់ស៉ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
២. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
៣. ក្នុងករណីអាសយដ្ឋានបច្ចុប្បន្ន ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណបណ្ណ ត្រូវភ្ជាប់បន្ថែមជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
៤. បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី
៥. ផ្លាកលេខសម្គាល់យានជំនិះ (ក្នុងករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
៦. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក ដែលនៅមានសុពលភាព
៧. លិខិតទិញលក់ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈផ្ទាល់
៨. ក្នុងករណីរកម្ចាស់ដើមមិនឃើញ ត្រូវធ្វើកិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលដែលខ្លួនរស់នៅ
និង ៩. បង្កាន់ដៃពន្ធផ្លូវ។ សូមជម្រាបថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន ចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១ ខែមិថុនា ដល់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕



















