[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការប្រកាសថា រថយន្តអគ្គិសនី iX និង i4 ដែលនឹងមកដល់សហរដ្ឋអាមេរិកក្នុងខែមិនា ខាងមុខនេះ នឹងផ្តល់ជូនជាមួយការសាកថ្មឥតគិតថ្លៃរយៈពេល ៣០ នាទី ក្នុងពេល ២ ឆ្នាំ គ្រប់ទីតាំង Electrify America នៅទូទាំងប្រទេស។ ខណៈ កិច្ចព្រមព្រៀងនេះមិនបានបន្ថែមលើតម្លៃដើមរបស់តម្លៃរថយន្តឡើយ។ ដោយអតិថិជននឹងអាចចូលប្រើឆ្នាំងសាក Electrify America ច្រើនជាង ៣,០០០ ស្ថានីយ៍។
លោក Sebastian Mackensen ប្រធាន និង CEO ក្រុមហ៊ុន BMW នៃអាមេរិកខាងជើងបាននិយាយថា “កិច្ចសហការជាមួយ Electrify America គឺជាជំហានមួយបន្ថែមទៀតនៅលើផ្លូវរបស់យើងឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព។ ភាពអាចរកបាននៃការសាកថ្មគឺជាលក្ខណៈសំខាន់នៅពេលនិយាយអំពីរថយន្តអគ្គិសនី។ យើងមានសេចក្តីរំភើបរីករាយក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវការបញ្ចូលថាមពលថ្មដែលមានល្បឿនលឿន តម្លៃសមរម្យ និងងាយស្រួល នៅពេលយើងដាក់លក់រថយន្តអគ្គិសនីទាំងអស់ពី BMW ជំនាន់ក្រោយ”។
ចំពោះ ក្រុមហ៊ុន Electrify America ដំណើរការបណ្តាញឆ្នាំងសាកលឿនដ៏ធំបំផុតរបស់អាមេរិក ដែលមានសមត្ថភាពផ្តល់ថាមពលពី ១៥០ គីឡូវ៉ាត់ ទៅ ៣៥០ គីឡូវ៉ាត់ ។ ក្នុងនោះម៉ូដែល iX អាចបើកបរបានចម្ងាយ ១៤៤ គីឡូម៉ែត្រ ក្នុងរយះពេល ១០នាទី នៃការសាកថ្ម ខណៈពេលដែល ម៉ូដែល i4 អាចរត់បានចម្ងាយ ១៧៤ គីឡូម៉ែត្រ ក្នុងរយះពេលដូចគ្នាផងដែរ។
ជាមួយគ្នានេះ ម្ចាស់រថយន្តនឹងអាចស្វែងរកស្ថានីយ៍សាកថ្មដែលនៅជិតបំផុត ឬងាយស្រួលបំផុតរបស់ពួកគេដោយប្រើកម្មវិធី myBMWapp ឬ Electrify America ។ ក្នុងនោះ កម្មវិធីក៏នឹងអនុញ្ញាតឲ្យអ្នកបើកបរកំណត់ឆ្នាំងសាក និងទទួលបានការណែនាំអំពីរបៀបទៅការសាកថ្មផងដែរ។
ទន្ធឹមនឹងនេះ លោក Giovanni Palazzo ប្រធាន និងជានាយកប្រតិបត្តិនៃ Electrify America បាននិយាយថា “នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយ ខណៈដែលអ្នកបើកបរកាន់តែច្រើនកំពុងងាកទៅរក e-mobility សម្រាប់តម្រូវការដឹកជញ្ជូនរបស់ពួកគេក្នុងការធ្វើដំណើរជុំវិញទីក្រុង និងទូទាំងប្រទេស” ៕