
ម្ចាស់ និងអ្នកបញ្ជាទិញទុកមុន រាប់រយនាក់នៃរថយន្ត Xiaomi SU7 Ultra បានផុសទាមទារសំណង បន្ទាប់ពីឃើញថា គម្របម៉ាស៊ីនកាបូនហ្វៃបឺរ ដែលមានរន្ធខ្យល់ពីរ ជាជម្រើសបំពាក់បន្ថែមហើយចំណាយលុយអស់ ៤២ ០០០ យ័ន ស្មើនិង ៥ ៨០០ ដុល្លារ ហាក់ដូចជាគ្រាន់តែជាគ្រឿងលម្អជាជាងមានមុខងារជំនួសដល់រថយន្ដដូចអ្វី ដែលក្រុមហ៊ុនបានផ្សាយពាណិជ្ជកម្មដំបូង។
ភាពចម្រូងចម្រាសនេះបានផ្ទុះឡើងនៅដើមខែឧសភា ឆ្នាំ ២០២៥ នៅពេលដែលអ្នកធ្វើមាតិកា អំពីយានយន្តបានធ្វើតេស្តទៅលើ “គម្របម៉ាស៊ីនកាបូនហ្វៃបឺររន្ធខ្យល់ពីរ” ក្រោយក្រុមហ៊ុន Xiaomi បានផ្សព្វផ្សាយថាជា “ការរចនាសម្រាប់ការបញ្ចុះក្ដៅ ដូចកម្រិតរថយន្ដលើទីលានប្រណាំង”។
ការធ្វើតេស្តបានបង្ហាញថា រន្ធខ្យល់ទាំងនោះមិនបានបង្កើតផលប៉ះពាល់នៃលំហូរខ្យល់ឡើយ ដោយអ្នកធ្វើមាតិកាអំពីយានយន្តនោះបានបង្ហាញថា ក្រដាសជូតមាត់ដែលដាក់នៅជិតរន្ធខ្យល់ មិនបានបង្ហាញសញា្ញ នៃការកម្រើកណាមួយឡើយ នៅពេលដែលកង្ហារត្រូវបានដាក់ចំពីមុខគម្របម៉ាស៊ីន។
ការស៊ើបអង្កេតបន្ថែមបានបង្ហាញថា គម្របម៉ាស៊ីននេះមិនបានជួយឲ្យ ប្រព័ន្ធហ្វ្រាំងឲ្យត្រជាក់បានល្អទេ ហើយក៏មិនបានផ្តល់នូវ downforce ដែលអ្នកប្រើប្រាស់រំពឹងទុកដោយដូចអ្វីដែលផ្សព្វផ្សាយនោះទេ។
ជាការឆ្លើយតបរបស់ក្រុមហ៊ុន Xiaomi Motors បានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈ។ ក្រុមហ៊ុនបានបញ្ជាក់បន្ថែមថា គម្របម៉ាស៊ីនកាបូនហ្វៃបឺរនេះត្រូវបានរចនាឡើងជាចម្បង ដើម្បីចម្លងតាមរូបរាងរបស់រថយន្តគំរូ ជាប្រព័ន្ធលំហូរខ្យល់មួយផ្នែក និងការជួយដល់ការត្រជាក់ផ្នែកខាងមុខ។
ក្រុមហ៊ុន Xiaomi បានពន្យល់ថា នៅក្នុងផែនការផលិតដំបូងបំផុតរបស់ពួកគេសម្រាប់ SU7 Ultra ពួកគាត់មិនមានបំណងបញ្ចូលជម្រើសគម្របម៉ាស៊ីនកាបូនហ្វៃបឺរនេះទេ ដោយសាររថយន្តនេះមានលក្ខណៈសម្បត្តិ សម្រាប់ទីលានប្រណាំងអាជីពរួចទៅហើយ។
ក្រុមហ៊ុន Xiaomi បានប្រកាសពីកញ្ចប់សំណងជូនអតិថិជន៖ ដោយអតិថិជនដែលមានការបញ្ជាទិញរថយន្ដទុកមុន អាចប្តូរទៅប្រើគម្របម៉ាស៊ីនអាលុយមីញ៉ូមស្តង់ដារ ខណៈម្ចាស់បច្ចុប្បន្ន នឹងទទួលបាន ២០,០០០ ពិន្ទុរង្វាន់ (តម្លៃ ២,០០០ យ័ន ឬ ២៧៥ ដុល្លារអាមេរិក)៕