រថយន្ដអគ្គិសនី IM 5 បានបំបែកកំណត់ជារថយន្ដចិនដំបូងគេបង្អស់ឈ្នះពានរថយន្តឆ្នើមប្រចាំឆ្នាំពីស្ថាប័នសារព័ត៌មាន The Straits Times

យោងតាមកាចុះផ្សាយសារព័ត៌មាន The Straits Times ពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ ២០២៥ (Car of the Year 2025) បានទៅលើរថយន្ត IM 5 ។ នេះគឺជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រក្នុងរយៈពេល ២៣ ឆ្នាំនៃពានរង្វាន់នេះត្រូវបង្កើតឡើង ដោយក្នុងនោះរថយន្តរបស់ចិនបានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។

ក្នុងការប្រកកួតនោះ រថយន្ដ IM 5 បានយកឈ្នះរថយន្ត SUV អគ្គិសនី Cupra Tavascan ដែលទទួលបានចំណាត់ថ្នាក់លេខ ២ លើសតែ ១ ពិន្ទុប៉ុណ្ណោះ។ ចំណែកឯរថយន្ត Zeekr 7X ជារថយន្ត SUV អគ្គិសនីរបស់ចិនដែរនោះ ទទួលបានចំណាត់ថ្នាក់លេខ ៣។

ក្រឡេកទៅរថយន្ដក្នុងចំណោមបេក្ខភាពឈានដល់វគ្គផ្ដាច់ព្រ័ត្រទាំង ១០ គឺជាប្រភេទរថយន្ត SUV កម្ពស់ខ្ពស់ រីឯរថយន្ត IM 5 បានបង្ហាញខ្លួនយ៉ាងលេចធ្លោជាប្រភេទរថយន្ត Sedan ទ្វារបួនដែលមានរាងទាបស្រឡូនតែមួយគត់និងមានលទ្ធផលអាចឈ្នះពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ផាក់ផងដែរថា រថយន្ត IM 5 គឺផលិតដោយយីហោ IM Motors ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន SAIC ដែលជាក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់រដ្ឋចិន នៃក្រុមហ៊ុនពាណិជ្ជកម្ម Alibaba និងក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Zhangjiang Hi-Tech។ IM Motors គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចិនដែលបានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ២០២៥។


យ៉ាងណាមិញ ការប្រកួតពានរង្វាន់រថយន្តឆ្នើមប្រចាំឆ្នាំ ២០២៥ គឺជាការប្រកួតប្រជែងយ៉ាងស្វិតស្វាញបំផុត ចាប់តាំងពីប្រព័ន្ធផ្ដល់ពិន្ទុបច្ចុប្បន្នត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០២២។ មានគម្លាតពិន្ទុត្រឹមតែ ៥១ ពិន្ទុ ប៉ុណ្ណោះ រវាងរថយន្តដែលទទួលបានពិន្ទុខ្ពស់ជាងគេ និងរថយន្តដែលស្ថិតក្នុងលំដាប់ថ្នាក់ទី ១០ ដែលតួលេខនេះគឺតិចជាងគម្លាត ៧៣ ពិន្ទុ កាលពីឆ្នាំ ២០២២ ទៅទៀត។ ចំណែកឯកាលពីឆ្នាំ ២០២៣ និង ២០២៤ គម្លាតពិន្ទុមានរហូតដល់ទៅជាង ១០០ ពិន្ទុឯណោះ។


ជាមួយគ្នានេះដែរ យោងតាមការបញ្ជាក់ពីលោក Toh Yong Chuan អ្នកសារព័ត៌មានរបស់ ST បានកោតសរសើររថយន្ត IM 5 នេះចំពោះសមត្ថភាពនៃការបញ្ជា និងការរចនាដ៏មានភាពលេចធ្លោខុសពីរថយន្ដ ផ្សេង។ ចំណែកលោក Lionel Seah អ្នកនិពន្ធឯករាជ្យដែលសរសេរអំពីព័ត៌មានយានយន្តរបស់ ST ក៏មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមុខងារ “Crab-crawl” ដ៏វិសេសវិសាលរបស់រថយន្ត IM 5 ដែលកង់ក្រោយរបស់វាអាចបង្វែរទៅទិសដៅតែមួយជាមួយនឹងកង់មុខដែលអនុញ្ញាតឲ្យរថយន្តអាចបើកបរក្នុងលក្ខណៈបញ្ឆៀងបាន។

អ្នកជំនាញផ្នែកយានយន្តជាគណៈកម្មការជឿជាក់ថា រថយន្តអគ្គិសនីរបស់ចិននឹងកាន់តែមានឥទ្ធិពលខ្លាំងឡើងនៅក្នុងឆ្នាំខាងមុខ។ ហេតុផលមួយគឺថា ក្រុមហ៊ុនផលិតរបស់ចិនមិនដែលឈប់បញ្ចេញម៉ូឌែលថ្មីៗនោះទេ ហើយរថយន្តអគ្គិសនីទាំងនោះកាន់តែមានគុណភាពល្អឡើងៗ ទាំងផ្នែកគុណភាពផលិតដំបូង បច្ចេកវិទ្យាដ៏ទំនើប និងចម្ងាយផ្លូវបើកបរដែលកាន់តែឆ្ងាយ។ បញ្ហាកំហុសផ្នែក Software និងគុណភាព ដែលធ្លាប់ជាបញ្ហាទូទៅសម្រាប់ឡានចិនកាលពីពីរឆ្នាំមុន ឥឡូវនេះបានក្លាយជារឿងកម្រទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម