
ក្រុមហ៊ុន Smart Automobile ជាការបណ្ដាក់ទុនរួមគ្នារវាង Mercedes-Geely បានដាក់លក់រថយន្តម៉ូឌែល Smart #5 នៅទីក្រុងហុងកុងរួចមកហើត ខណៈពេលថ្មីៗនេះពួកគេ បានសម្ពោធដាក់លក់រថយន្ត SUV អគ្គិសនីម៉ូឌែលនេះ នៅម៉ាឡេស៊ី។
រថយន្ដ Smart #5 ដែលមានលក់នៅទីក្រុងហុងកុងមាន ៤ ជម្រើសគឺ Pro, Premium, Brabus និង Summit Edition ជាមួយនឹងតម្លៃលក់ប្រហែល ៣៧ ១០០ ដុល្លារអាមេរិក។ ម៉ូឌែលនេះត្រូវបានគេរំពឹងថានឹងដាក់លក់ជាផ្លូវការនៅប្រទេសម៉ាឡេស៊ីនៅពាក់កណ្តាលឆមាសទីពីរនៃឆ្នាំនេះ។
ម៉ាកយីហោ Smart ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ដោយកំណត់គោលដៅវាយលុកទីផ្សាររថយន្តខ្នាតតូចលំដាប់ខ្ពស់ ហើយជាម៉ាកយីហោដែលរចនាដោយក្រុមហ៊ុន Mercedes-Benz ។
នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២០ ក្រុមហ៊ុន Mercedes-Benz និង Geely បានរួមគ្នាបង្កើតក្រុមហ៊ុនបណ្ដាក់ទុនថ្មីមួយដោយផ្អែកលើម៉ាកយីហោ Smart ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Ningbo ខេត្ត Zhejiang ដើម្បីដាក់ការវិនិយោគលើការផ្លាស់ប្តូរទៅរកថាមពលអគ្គិសនី (electrification transition)។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរ អ្នករចនារបស់ Mercedes-Benz ធ្វើការរចនារថយន្ត Smart រីឯវិស្វកររបស់ Geely ធ្វើការផ្នែកវិស្វកម្ម។ ម៉ូដែល Smart បច្ចុប្បន្នដែលលក់នៅប្រទេសចិនដីគោករួមមាន Smart #1, Smart #3 និង Smart #5 ដែលមានតម្លៃចាប់ពី ២០ ៨៦០ដុល្លារ។
រថយន្ត Smart #5 គឺជាម៉ូដែលដែលថ្លៃបំផុតក្នុងចំណោមម៉ូដែលទាំងបី ដោយដាក់លក់ក្នុងតម្លៃប្រហែល ៣៧ ១០០ ដុល្លារអាមេរិក។ ក្រុមហ៊ុនផលិតរថយន្ត EV បានឲ្យដឹងថា រថយន្ត Smart #5 គឺជារថយន្ត SUV ខ្នាតកណ្តាលលំដាប់ខ្ពស់ដំបូងគេរបស់ម៉ាកយីហោ Smart ដែលត្រូវបានរចនាឡើងដើម្បីប្រើប្រាស់លើសពីតំបន់ទីក្រុង៕