
នៅពេលបើករថយន្តសុខៗភ្លេចមើលទ្រនិចសាំងដែលចុះដល់កម្រិតទាប ហើយស្រាប់តែចេញសញ្ញាធុងសាំងក្នុងកុងទ័រ ប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលជាមិនខាន ជាពិសេសនឹងបារម្ភខ្លាំងពេលស្ថិតក្នុងតំបន់ដែលនៅឆ្ងាយពីការ៉ាស់សាំង។
ការពិតទៅ នៅពេលចេញសញ្ញាធុងសាំងនេះ គឺមិនបានបញ្ជាក់ថា រថយន្តអ្នកនឹងត្រូវអស់សាំងភ្លាមៗនោះទេ ប៉ុន្តែវាជាការព្រមានឲ្យយើងដឹងថា កម្រិតសាំងបានចូលក្នុងតំបន់បម្រុងរបស់សាំង។ មានន័យថា កម្រិតសាំងគឺនៅសល់ប្រហែល ១០ ទៅ ១៥% ឬប្រហែល ៥ ទៅ ១០លីត្រទៀត។

បរិមាណសាំងដែលនៅសល់ប៉ុណ្ណេះ គឺគ្រប់គ្រាន់ឲ្យអ្នកអាចស្វែងរកកន្លែងចាក់សាំងបាន ពោលគឺអាចធ្វើដំណើរបានដល់ចម្ងាយប្រហែល ៥០ ទៅ ៨០ គីឡូម៉ែត្រទៀត ផ្អែកទៅលើស្ថានភាពចរាចរណ៍ កម្លាំងម៉ាស៊ីនរថយន្ត និងការជាន់ហ្គែរ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានណែនាំឲ្យអ្នកបើកបរឧស្សាហ៍មើលកុងទ័រសាំង ធ្វើយ៉ាងណាកុំឲ្យលោតចេញសញ្ញាធុងសាំងនេះញឺកញាប់ពេក ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ប្រព័ន្ធសាំងរថយន្ត ដូចជា បូមសាំង តម្រងសាំង និងប៊ិចសាំងជាដើម។ គួរកត់សម្គាល់ដែរថា បើសញ្ញាធុងសាំងនេះ វាលោតភ្លឹបភ្លេតៗ គឺបញ្ជាក់ថា កម្រិតសាំងកាន់តែអស់ សល់តិចជាង ១០%។
ដូច្នេះ នៅពេលអ្នកប្រទះនឹងបញ្ហាចេញសញ្ញាព្រមានមួយនេះ កុំច្រួលច្របល់អី ហើយបើអាចគួរបិទម៉ាស៊ីនត្រជាក់សិន កុំជាន់ហ្គែខ្លាំងដោយត្រូវព្យាយាមរក្សាល្បឿន និងឆែក Google Map ស្វែងរកការ៉ាស់សាំងដែលនៅជិតបំផុត៕

















