រថយន្ត Mazda3 ជំនាន់ថ្មី ទទួលបានពានរង្វាន់មួយទៀតហើយ នោះគឺពានរង្វាន់រថយន្តប្រចាំឆ្នាំ ២០២០ ក្នុងប្រទេសចិន (2020 China Car of the Year)។
រថយន្តខ្នាតតូចរបស់ជប៉ុនមួយនេះត្រូវបានជម្រើសរើសដោយគណៈកម្មការចំនួន ៣៨ នាក់ ក្នុងចំណោមរថយន្តចំនួន ១៩៤ គ្រឿង សម្រាប់ប្រកួតយកពានរង្វាន់នេះ។ Mazda3 ដែលលក់នៅប្រទេសចិន មានតែជាប្រភេទ Sedan ដែលផលិតនៅ Changan Mazda Automobile សម្រាប់ទីផ្សារក្នុងស្រុកតាំងពីខែសីហាឆ្នាំនេះ។
គួរដឹងថាមុននេះ Mazda3 ឆ្នាំ ២០២០ ក៏ទើបទទួលបានពានរង្វាន់រថយន្តប្រចាំឆ្នាំនៅថៃផងដែរ។ មិនតែប៉ុណ្ណោះវាអាចទទួលបានពានរង្វាន់រថយន្តប្រចាំឆ្នាំ ២០១៩ សម្រាប់ស្ត្រី ពីកម្មវិធី Dubai International Auto Show កាលពីអំឡុងចុងសប្ដាហ៍មុន និងបានជាប់ឈ្មោះប្រកួតយកពានរង្វាន់រថយន្តប្រចាំឆ្នាំ ២០២០ នៅអឺរ៉ុប ដែលប្រកួតជាមួយរថយន្ត ៣៤ គ្រឿងទៀត។
ឆ្នាំមុន ពានរង្វាន់រថយន្តប្រចាំឆ្នាំ ២០១៩ ក្នុងប្រទេសចិន គឺបានទៅលើរថយន្ត Lexus ES ដែលវាអាចឈ្នះរថយន្ត Toyota Camry និង Audi A8 L។ ចំណែកសម្រាប់ឆ្នាំ ២០១៨ គឺបានទៅលើរថយន្ត Volvo S90 ដែលយកឈ្នះរថយន្ត BMW 5-Series និង Range Rover Velar៕