រថយន្តអគ្គិសនីដំបូង ដែលផលិតរួមគ្នារវាង Volkswagen និង Xpeng ត្រៀមអង្រួនទីផ្សារឆ្នាំក្រោយ

Volkswagen ត្រៀមចូលក្រឡុកទីផ្សាររថយន្តអគ្គិសនីទៀតហើយ នៅឆ្នាំ២០២៦ខាងមុខនេះ ដោយបាន​បញ្ចេញ​រូបភាព​រថយន្តអគ្គិសនីថ្មីគឺ ID. Unyx 08។ នេះជារថយន្តអគ្គិសនីទីមួយ​ដែលអភិវឌ្ឍឡើងក្រោមកិច្ចសហការរវាង Volkswagen និង Xpeng។

រថយន្តអគ្គិសនី ID.UNYX 08 ដែលបំពាក់ឡូហ្គូរបស់ Volkswagen ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងរបស់ Xpeng G9 និងប្រើប្រព័ន្ធ ADAS និងបច្ចេកវិទ្យាខ្ពស់ៗផ្សេងទៀតរបស់ XPeng។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ បំពាក់​ប្រព័ន្ធសាកភ្លើង 800V ដែលអាចសាកលឿនជាងមុន និងអាចធ្វើដំណើរបានដល់ចម្ងាយ ៧០០គីឡូម៉ែត្រ។ យ៉ាងណាមិញ Volkswagen មិនបានបញ្ជាក់ពីទំហំអាគុយ​របស់​រថយន្តនេះឡើយ ប៉ុន្តែគេដឹងថា វាមកជាមួយ​ម៉ូទ័រ ១ ដែលមានកម្លាំង ៣០៨សេះ និងម៉ូទ័រ២ មានកម្លាំងសរុប ៤៩៦សេះ។

ទំហំរបស់ ID.UNYX 08 គឺមានប្រវែង ៥ម, ទទឹង ១,៩៥ម និងកម្ពស់ ១,៦៨ម ដែលទំហំប៉ុណ្ណេះ ធំជាង XPeng G9 បន្តិច។

ថ្វីបើវាជារថយន្តទី១ ដែលសហការគ្នារវាងក្រុមហ៊ុនទាំង២មែន ប៉ុន្តែ ID. UNYX 08 នឹងក្លាយជារថយន្តទី៣ របស់​ក្រុមហ៊ុនរួមទុន Volkwagen Anhui ដែលនឹងចេញលក់ក្នុងប្រទេសចិននៅឆ្នាំក្រោយ បន្ទាប់ពី ID. UNYX 06 និង ID. UNYX 07។

គួរដឹងថា Volkswagen គ្រោង​បញ្ចេញរថយន្ត ៣០ម៉ូឌែលដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន​ក្នុងប្រទេសចិន ក្នុងនោះ ២០ម៉ូឌែល នឹងជារថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម