រថយន្តអគ្គិសនីនៅកម្ពុជា មានជាង ៩ពាន់គ្រឿងហើយ ដែលនាំមុខដោយប្រេនធំៗ៣

គិតមកត្រឹមចុងឆ្នាំ​២០២៥ កម្ពុជាបានចុះបញ្ជី​រថយន្តអគ្គិសនីសរុបចំនួន ៩០៦៥គ្រឿងហើយ ដែលនាំមុខដោយប្រេនរថយន្តធំៗចំនួន៣ គឺ BYD, Toyota និង Tesla។ នេះបើយោងតាម​របាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង។

ថ្មីៗនេះ អាជ្ញាធរអគ្គិសនី​កម្ពុជា បានជំរុញឲ្យ​អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីទាំងអស់នៅកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុងតំបន់​ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់​យានយន្តអគ្គិសនី ជាពិសេស​ យានយន្តសម្រាប់​បម្រើ​ឲ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា (EDC) បាន​ចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះ​នឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

រោងចក្រ BYD នៅខេត្តព្រះសីហនុ ទើបតែបញ្ចប់ការសាងសង់ និងបានដំឡើងរថយន្តប្រគល់ឲ្យអតិថិជនរបស់ខ្លួនរួចហើយ។ ក្នុងខណៈ​ដែលកំពុងមានតម្រូវការទីផ្សារកើនឡើង ក្រុមហ៊ុននេះ ក៏មាន​ផែនការបង្កើនសមត្ថភាព​ផលិតកម្ម​បន្ថែមទៀតផងដែរ។ ក្នុងដំណាក់កាលដំបូង រោងចក្រនេះ គ្រោងដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដោយគ្រោងដំឡើង​រថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម