
ក្រុមហ៊ុន Chery បានប្រកាសដាក់លក់រថយន្ត Chery QQ3 EV ជាផ្លូវការ ផ្ដល់ជូនមកជាមួយជម្រើស ៤ម៉ូឌែល ជាមួយតម្លៃពិសេសក្នុងរយៈពេលកំណត់ ចន្លោះពី ៨ ២០០ ដល់ ១១ ០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ Autohome។ យោងតាមទិន្នន័យផ្លូវការ ក្រុមហ៊ុនបានរាយការណ៍ថារថយន្ដនេះ ទទួលបានការបញ្ជាទិញរហូតដល់ ៥៦ ៨៧៩ គ្រឿង នៅពេលដាក់សម្ពោធ។
សារព័ត៌មាន CarNewsChina កាលពីពេលមុនបានរាយការណ៍ថា ការបើកឲ្យកក់ទុកមុន សម្រាប់រថយន្ដនេះបានចាប់ផ្តើមកាលពីដើមខែមីនា ជាមួយនឹងតម្លៃចាប់ផ្តើមប្រហែល ១០ ០០០ ដុល្លារ។ រថយន្ត Chery QQ3 EV បានឈានជើងចូលក្នុងទីផ្សារ ដើម្បីប្រកួតប្រជែងជាមួយរថយន្តអគ្គិសនីខ្នាតតូចផ្សេងទៀត ដូចជា Geely EX2 និង BYD Seagull ជាដើម។
សម្រាប់ទំហំតរូបរាងនៅផ្នែកខាងក្រៅរថយន្ត QQ3 EV មានប្រវែងតួខ្លួនសរុប ៤ ១៩៥មីលីម៉ែត្រ, ទទឹង ១ ៨១១មីលីម៉ែត្រ, កម្ពស់ ១ ៥៧៣មីលីម៉ែត្រ និងប្រវែងគម្លាតកង់មុខក្រោយ ២ ៧០០មីលីម៉ែត្រ។ បន្ថែមពីនេះរថយន្ដនេះមានជម្រើសពណ៌ខាងក្រៅចំនួន ៦ពណ៌ រួមជាមួយជម្រើសតុបតែងពណ៌ដំបូលតាមតម្រូវការផ្ទាល់ខ្លួនរបស់អតិថិជនបន្ថែមទៀត។
ផ្នែកខាងក្នុងនៃរថយន្តនេះផ្ដល់នូវជម្រើសពណ៌ខ្មៅ,បៃតងនិងបានបំពាក់នូវប្រព័ន្ធកាប៊ីនឆ្លាតវៃ AI Lingxi របស់ Chery។ សម្រាប់ម៉ូឌែលកំពូលនៅផ្នែកខាងក្នុងបានបំពាក់មកជាមួយកុងទ័រឌីជីថលទំហំ ៨.៨ អុីង, អេក្រង់កម្សាន្ដទំហំ ១៥.៦ អុីង កម្រិត 2.5K ដំណើរការដោយឈីបកំពូល Qualcomm Snapdragon 8155 និងភ្ជាប់មកជាមួយមុខងារ Apple CarPlay, Huawei HiCar និង Carlink។ ជាមួយគ្នានេះរថយន្ដក៏គាំទ្រប្រព័ន្ធជំនួយបញ្ជាឆ្លាតវៃ Carmind AI និងគាំទ្រមុខងារបញ្ជាដោយសំឡេងបែប Visible-to-speak អ្វីដែលបង្ហាញលើអេក្រង់ គឺអាចបញ្ជាដោយសំឡេងបានទាំងអស់។
ចំពោះកម្រិតសមត្ថភាពវិញរថយន្ត QQ3 EV ប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ ផ្ដល់ជាមកជាមួយជម្រើសកម្លាំងចំនួនពីរគឺ៖ កម្លាំង ៥៨ គីឡូវ៉ាត់ កម្លាំងរមួល ៩០ញូតុនម៉ែត្រ និងកម្លាំង ៩០ គីឡូវ៉ាត់ កម្លាំងរមួល ១១៥ញូតុនម៉ែត្រ។ រថយន្ដនេះបំពាក់មកជាមួយអាគុយមានទំហំ ២៩.៤៨ kWh និង ៤១.២៨ kWh អាចបើកបរបានចម្ងាយផ្លូវ ៣១០ គីឡូម៉ែត្រ និង ៤២០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ បើនិយាយពីការសាកថ្មល្បឿនលឿនវិញវាអាចសាកពី ៣០% ទៅ ៨០% ប្រើពេលមិនលើសពី ១៦.៥ នាទី ឡើយ។ លើសពីនេះ រថយន្តក៏គាំទ្រមុខងារទាញយកថាមពលទៅប្រើប្រាស់កម្លាំង ៣.៣ គីឡូវ៉ាត់ និង ៦.៦ គីឡូវ៉ាត់ ផងដែរ។
អ្វីដែលកាន់តែពិសេស Chery QQ3 EV បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ Falcon 500 ដំណើរការដោយបន្ទះឈីប Horizon J6E មានកម្លាំងគណនាដល់ទៅ 80 TOPS គាំទ្រមុខងារសំខាន់ៗដូចជា ប្រព័ន្ធជំនួយការបើកបរតាមការកំណត់ផ្លូវលើផ្លូវហាយវ៉េ និងមុខងារចូលចតដោយស្វ័យប្រវត្តិ៕






















