រថយន្តអគ្គិសនី Hyundai Ioniq ឆ្នាំ២០២០ រចនាស្ទីលថ្មី សាកភ្លើងពេញបើកបានឆ្ងាយជាងមុន

រថយន្ត Hyundai Ioniq បានចេញលក់តាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយវាជារថយន្តដំបូងបង្អស់លើពិភពលោក ដែលផ្តល់ជម្រើសម៉ាស៊ីនអគ្គិសនី ៣ប្រភេទខុសគ្នា គឺ Hybrid, Plug-in Hybrid និង អគ្គិសនី។

នៅក្នុងឆ្នាំនេះ Hyundai Ioniq ស៊េរីឆ្នាំ២០២០ ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ បានរចនារូបរាងថ្មី ហើយអាប់ដេតអាគុយពីកម្លាំង ២៨គីឡូវ៉ាត់ម៉ោង ទៅ ៣៨,៣គីឡូវ៉ាត់ម៉ោង ជួយឱ្យវាអាចផ្ទុកថាមពលបានច្រើនជាងមុន ៣៦% ដែលអាចបើកបរបានចម្ងាយ ២៧០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ពោលគឺច្រើនជាងរថយន្ត Nissan Leaf ទៅទៀត។

ពាណិជ្ជកម្ម

ម៉ូទ័រអគ្គិសនីបំពាក់លើ Ioniq ថ្មី ផ្តល់កម្លាំងសរុប ១៣៤សេះ ហើយអាចសាកភ្លើងពី ០ ដល់ ៨៤% ក្នុងពេលត្រឹម ៥៤នាទីប៉ុណ្ណោះ។

Hyundai Ioniq ឆ្នាំ២០២០ បំពាក់អេក្រង់ Touchscreen ទំហំ ១០,២អ៊ីង ជាមួយមុខងារ Android Auto និង Apple CarPlay មកស្តង់ដារ ព្រមទាំងប្រព័ន្ធភ្លើង Ambient Lighting ពណ៌ខៀវផងដែរ។

មុខងារសុវត្ថិភាពដែលបំពាក់មកស្តង់ដារ មានដូចជា Front Collision Warning and Avoidance Assist with Pedestrian Detection, Cyclist Detection Ability, Driver Attention Warning, Lane-keeping Assist និង High Beam Assist ជាដើម។

ទោះជាយ៉ាងណា ក្រុមហ៊ុន Hyundai មិនទាន់បញ្ចេញតម្លៃលក់របស់វានៅឡើយទេ៕

Sponsored