នាយកដ្ឋានចុះបញ្ជីរបស់ប្រទេសវៀតណាម(Vietnam Registry Department) បានអោយដឹងថាពួកគេទើបតែបានអនុញ្ញាតឱ្យប្រមូលរថយន្ដទំនើប Ferrari ចំនួន ២៤ គ្រឿងត្រឡប់មកវិញ ដោយសារមានកំហុសក្នុងពោងសុវត្ថិភាព Takata នៅពីមុខអ្នកដំណើរ។
រថយន្ត Ferrari សរុបចំនួន ២៤ គ្រឿងរួមមានរថយន្តម៉ូឌែល 458 Speciale, 488 GTB, 488 Spider, California T និង F12 Berlinetta។ រថយន្តទាំងនេះត្រូវបានផលិតនៅរោងចក្រក្នុងប្រទេសអ៊ីតាលី កំឡុងខែមីនា ឆ្នាំ ២០១៤ ដល់ខែ កក្កដា ឆ្នាំ ២០១៦ ។
យោងតាមសេចក្តីជូនដំណឹង ពោងសុវត្ថិភាពនៅពីមុខអ្នកដំណើរត្រូវបានផលិតឡើងដោយមានហានិភ័យនៃការជ្រាបចូលសំណើម ហើយអាចកាន់តែយ៉ាប់ខ្លាំងនៅពេលប្រើប្រាស់កាន់តែយូរ។ ក្នុងករណីមានគ្រោះថ្នាក់ប្រព័ន្ធពោងសុវត្ថិភាពមិនអាចដំណើរការបានត្រឹមត្រូវតាមស្តង់ដារសុវត្ថិភាពដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។
ការកោះហៅនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសេវាកម្ម Ferrari ក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២១ ដល់ថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២២។ មជ្ឈមណ្ឌលនេះនឹងធ្វើការត្រួតពិនិត្យ និងជួសជុលកំហុសខាងលើដោយមិនគិតថ្លៃហើយពេលវេលាប៉ាន់ស្មានគឺប្រហែល ១,៣៥-២,៨៥ ម៉ោងក្នុងយានយន្តមួយ។
សម្រាប់មជ្ឈមណ្ឌលសេវាកម្មរបស់ក្រុមហ៊ុន Ferrari នៅក្នុងប្រទេសវៀតណាមនេះ គឺជាលើកទីមួយហើយដែលមជ្ឈមណ្ឌលនេះបានបម្រើសេវាកម្មប្រមូលរថយន្តនេះត្រឡប់មកវិញ ចាប់តាំងពីការមានវត្តមានរបស់ខ្លួននៅប្រទេសវៀតណាមកាលពីខែតុលា ឆ្នាំ ២០១៩កន្លងមក៕