
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្តទីក្រុងប៊ូសាន ឆ្នាំ២០២៦ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញឈ្មោះថា Avante ម៉ូឌែលរថយន្ដជំនាន់ទី៨ ក្នុងត្រកូល Hyundai Elantra ទទួលការបានការចនារូបរាងខុសប្លែកទាំងស្រុងពីស៊េរីមុន។ រថយន្ត Elantra ជំនាន់ថ្មីនេះ បានយកស្ទីលរចនាម៉ូដតាមទម្រង់ភាសានៃការរចនា «Art of Steel» របស់ក្រុមហ៊ុន Hyundai ដែលស្តែងចេញមកជាទម្រង់ជ្រុង និងខ្សែបន្ទាត់មុតស្រួចជាច្រើន។ ចង្កៀងមុខ និងចង្កៀងក្រោយត្រូវបានបង្កើតឡើងជាទម្រង់អក្សរ «H» បន្ថែមពីនេះនៅផ្នែកខាងក្រោយក៏ឌីស្សាញជាមយយស្លាបកន្ទុយត្រីរាងធំ ដែលលាតសន្ធឹងពេញទទឹងនៃផ្នែកខាងក្រោយរបស់រថយន្តនោះដែរ។ ចំណែកឯកង់រចនាបែបស្ព័របែប Two-tone ទំហំ ១៨ អ៊ីញ និងមានរចនាបថកាំប្រាំ ដែលឆ្លុះបញ្ចាំងពីទម្រង់ជ្រុងៗឲ្យសុីទៅនិងតួខ្លួនរថយន្តទាំងមូល។

ផ្នែកខាងក្នុងមើលទៅហាក់ដូចជាស្ថិតនៅក្នុងលំដាប់កំពូលបែប Higher-segment ដោយវាត្រូវបានបំពាក់មកជាមួយនូវប្រព័ន្ធកម្សាន្តព័ត៌មាន Pleos ជំនាន់ថ្មីរបស់ Hyundai ដំណើរការដោយប្រព័ន្ធ Android។ នៅផ្នែកខាងមុខជាស្តង់ដារ បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២.៩ អុីញ ប៉ុន្តែអតិថិជនក៏អាចដំឡើងទៅទំហំធំជាងនេះរហូតដល់ ១៤.៦ អុីញបានផងដែរ។
ទោះបីជាវាមានប៊ូតុងបញ្ជាតិចជាងមុនក៏ដោយ នៅពីក្រោមអេក្រង់ ប៉ុន្តែការរចនាជាមួយ Concept ហាក់មើលទៅទាក់ទាញ។ ងាកមកផ្ទាំងកុងទ័រឌីជីថល ត្រូវបានដាក់ដំឡើងនៅលើតាប្លូឡានចំពីមុខអ្នកបើកបរតែម្តង។ ឡូហ្គោរបស់ក្រុមហ៊ុន Hyundai នៅលើចង្កូតត្រូវបានលុបបំបាត់ចោល ហើយជំនួសមកវិញដោយចំណុចបួន ដែលតំណាងឲ្យកូដ នៃអក្សរ H តំណាងឲ្យពាក្យ Hyundai ។ចំណែកឯចង្កឹះលេខត្រូវបានផ្លាស់ទីទៅនៅពីក្រោយចង្កូតវិញ ដែលជួយបង្កើនទំហំទំនេរនៅផ្នែកខាងក្រោមនៃប្រអប់កុងសូលកណ្តាល នៅកន្លែងនោះក៏បានបន្ថែមមកជាមួយកន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ។
បន្ថែមពីនេះមានបំពាក់នូវប្រព័ន្ធភ្លើងលម្អរចនាបថក្នុងកាប៊ីន (Ambient lighting) នៅតាមបន្ទះទ្វារ និងនៅលើតាប្លូ ព្រមទាំងមានកន្លែងដាក់កែវទឹកខ្នាតធំចំនួនពីរនៅពីមុខកន្លែងកល់ដៃកណ្តាល ហើយនិងមានប៊ូតុងបញ្ជាមុខងារផ្សេងទៀតនៅលើចង្កូត និងនៅលើទ្វារខាងអ្នកបើកបរផងដែរ។ គោលដៅចំបងនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុន Hyundai មានផែនការដាក់លក់រថយន្ត Avante នេះ ជាមួយនឹងជម្រើសម៉ាស៊ីនសាំងទំហំ ២.០ លីត្រ អាចផលិតកម្លាំងបាន ១៤៧ សេះ ពោលគឺកើនឡើង ២៥ សេះ បើធៀបនឹងស៊េរីមុន។ ក្រៅពីនេះ ក៏មានជម្រើសម៉ាស៊ីន (Hybrid) ដំណើរដោយម៉ាសុីនចំណុះ ១.៦ លីត្រ ដែលមានសន្សំសំចៃនិងមានការដំឡើងកម្លាំងម៉ាស៊ីនបន្តិចបន្តួចរហូតដល់ ១៥៥ សេះ។
សម្រាប់ម៉ាស៊ីនហាយប្រីដនេះគឺបានបំពាក់នូវបច្ចេកវិទ្យាចាប់ហ្វ្រាំងបង្កើតថាមពលឡើងវិញ (Regenerative braking technology) ជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន រួមជាមួយនឹងមុខងារថ្មីមួយហៅថា Stay Mode។ វាអនុញ្ញាតឲ្យរថយន្ដ អាចប្រើប្រាស់ថាមពលពីអាគុយឡាន ដើម្បីដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធកម្សាន្ត ក្នុងលក្ខណៈដូចគ្នាទៅនឹងរថយន្តអគ្គិសនីសុទ្ធទាំងស្រុងផងដែរ។ រថយន្ត Avante ថ្មីនេះ នឹងត្រូវដាក់លក់នៅក្នុងទីផ្សារក្នុងប្រទេសកូរ៉េខាងត្បូង នៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ ខណៈដែលម៉ូឌែល Elantra សម្រាប់ទីផ្សារសកលលោក ទំនងជានឹងត្រូវបង្ហាញខ្លួនបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៧៕
















