រថយន្ត Aston Martin DB5s ចំនួន ៤ គ្រឿងដែលផលិតឡើងជាពិសេសសម្រាប់ភាពយន្ត James Bond ចេញនៅឆ្នាំ ១៩៦៤ មានមួយគ្រឿង អាចលក់ដេញថ្លៃបានតម្លៃដល់ ៦ ៣៨៥ ០០០ ដុល្លារ ក្នុងកម្មវិធីដេញថ្លៃរថយន្ត RM Sotheby កាលពីចុងសប្ដាហ៍។
រថយន្តនេះដើមឡើយត្រូវគេប៉ាន់ស្មានថាអាចលក់បានចន្លោះពី ៤ លានដុល្លារ ទៅ ៦ លានដុល្លារ។ ប៉ុន្តែតម្លៃដែលចេញបានសម្រេចនេះ បានធ្វើឲ្យវាលក់បានថ្លៃជាង DB5s មួយគ្រឿងទៀតដេញថ្លៃកាលពី ២០១០ លក់បានតម្លៃ ៤,២ លានដុល្លារ។ ធ្វើឲ្យរថយន្ត Aston Martin DB5s មួយគ្រឿងនេះ ជារថយន្ត James Bond លក់បានថ្លៃជាងគេបំផុត។
រថយន្ត DB5s ដែលយកមកដេញថ្លៃនេះ មានរូបរាងនៅស្អាតដូចជាពេលផលិតដំបូងអ៊ីចឹង។ វាមានមកជាមួយនូវផ្ទាំងការពារគ្រាប់ផ្នែកខាងក្រោយ, កៅអីដែលអាចចុចឲ្យខ្ទាតចេញពីរថយន្ត, មានរ៉ាដា, កាំភ្លើងយន្តបង្កប់ក្នុងរថយន្ត ដែលអាចដំណើរការបាន ប៉ុន្តែមានតែកាំភ្លើងយន្តប៉ុណ្ណោះមិនបាញ់ចេញគ្រាប់ពិត បញ្ចេញជាសំឡេងកាំភ្លើងជំនួសវិញ៕