កាលពីឆ្នាំ ២០០៥ ក្រុមហ៊ុន Lamborghini បានបង្ហាញចេញរថយន្ត Concept S នៅកម្មវិធីរថយន្ត Geneva Motor Show។ ដោយសារទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក្រុមហ៊ុនអ៊ីតាលីសម្រេចចិត្តផលិតរថយន្តនេះ ១០០ គ្រឿង។ ប៉ុន្តែដោយសារតែការចំណាយលើការផលិតខ្ពស់ ទើបចុងក្រោយរថយន្តនេះមានតែមួយគ្រឿងប៉ុណ្ណោះក្នុងលោក។
រថយន្ត Concept S ដែលមានតែមួយគ្រឿង ត្រូវបានលក់ទៅឲ្យអតិថិជន ហើយអតិថិជនរូបនោះត្រូវបានអញ្ជើញចូលរួមកម្មវិធីជួបជុំរបស់ Lamborghini ជាច្រើនលើកផងដែរ។ កន្លងមករថយន្តបានប្ដូរម្ចាស់ច្រើនដងមកហើយ។ ការប្ដូរលើកចុងក្រោយដែលគេដឹង គឺប៉ុន្មានឆ្នាំមុនពេលដែលវាលក់ចេញក្នុងកម្មវិធីដេញថ្លៃក្នុងតម្លៃ ១,៣២ លានដុល្លារ។ ហើយពេលនេះ Concept S ត្រូវគេយកដាក់លក់ដេញថ្លៃម្ដងទៀត ក្នុងកម្មវិធីធ្វើឡើងនៅ Abu Dhabi នាថ្ងៃទី ៣០ វិច្ឆិកានេះ។
រថយន្តនៅតែមានសភាពថ្មីដោយទើបរត់បានចម្ងាយមិនដល់ ២០០ គីឡូម៉ែត្រឡើយ។ មិនទាន់មានការប៉ាន់ស្មានអំពីតម្លៃដែលរថយន្តនេះអាចលក់បាននោះទេ ប៉ុន្តែច្បាស់ជាលើស ១ លានដុល្លារជាមិនខាន៕