រថយន្តSUVខ្នាតតូច៧កៅអីបានក្លាយជាការពេញនិយមសម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួន ឬការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ ឬអាជីវកម្មជាច្រើនទៀត។ ដោយមានមនុស្សជាច្រើនជ្រើសរើសយករថយន្តប្រភេទSUVខ្នាតតូចទាំង៧កៅអីដែលបច្ចុប្បន្នមានលក់នៅលើទីផ្សារជាមួយនឹងម៉ូដែលជាច្រើនដែលទាក់ទាញ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តដែលមានការរចនាបែបស្ព័រ និងផាសុកភាព លោកអ្នកអអាចពិចារណាពីរថយន្ត Maxus D60, Toyota Rush និង Mitsubishi Xpander ដែលម៉ូឌែល៣នេះមានការពេញនិយមខ្លាំង និងបំពាក់ដោយកៅអីសម្រាប់អ្នករួមដំណើរ៧នាក់ក្នុងតម្លៃខ្ទង់ ៤ម៉ឺនដុល្លារប៉ុណ្ណោះ។
- Toyota Rush ២០២១ តម្លៃលក់ ៣៣ ៥០០ដុល្លារ: រថយន្តនេះជាប្រភេទរថយន្ត MPV ខ្នាតកណ្តាល ហើយវាក៏មានតម្លៃសមរម្យ ជាមួយនឹងការធានារយៈពេល ៣ ឆ្នាំ។ រថយន្ត Toyota Rush បានផលិតឡើងពីតួរថយន្តដូចគ្នានឹង Toyota Avanza និងរថយន្តប្រភេទ SUV ខ្នាតធំរបស់ Toyota Fortuner ។ ការរចនាផ្នែកខាងក្រៅរបស់វាបានបំពាក់មកជាមួយអំពូលកាត់អ័ព្ទខាងមុខជាមួយនឹងអំពូលLED និងអំពូលភ្លើងដែលជាប្រភេទ LED រួមទាំងគ្រឿងលំអរខាងក្រោយផងដែរ។ រថយន្តនេះមានប្រវែងបណ្តោយ ៤ ៤៣៥មីលីម៉ែត្រ និងប្រវែងទទឹង ១ ៦៩៥មីលីម៉ែត្រ។ ម៉ាស៊ីនវិញត្រូវបានបំពាក់នូវម៉ាស៊ីនសាំងប្រភេទ DOHC VVTi ១,៥លីត្រ ៤ស៊ីឡាំង។ វាអាចបង្កើតថាមពលបានដល់ទៅ ១០២សេះ និងកម្លាំងរមួល ១៣៦ញ៉ូតុនម៉ែត្រ ហើយវាត្រូវបានបំពាក់ជាមួយប្រអប់លេខអូតូ ៤វគ្គ, កម្លាំងត្រូវបានធ្វើការដោយបញ្ជូនទៅផ្នែកកង់ក្រោយ។ អ្នកបើកបរនឹងទទួលបាននូវអារម្មណ៍ថ្មីពីរថយន្ត Toyota Rush ជាមួយនឹងផ្នែកខាងក្នុងដែលបានរចនាឡើងនូវផ្ទៃពណ៌ខ្មៅយ៉ាងស្រស់ស្អាត។
- Maxus D60 ២០២១ តម្លៃ ៤២ ៩៩០ដុល្លារ បូករួមនឹងការធានារយៈពេល ៥ឆ្នាំហើយ វាបានរចនាម៉ូតខាងក្រៅយ៉ាងល្អស្រស់សោភា។ វាមានប្រវែងបណ្តោយ ៤ ៧២០មីលីម៉ែត្រ និងប្រវែងទទឹង ១ ៨៦០មីលីម៉ែត្រ ដែលវាវែងជាងរថយន្ត Toyota Rush។ វាភ្ជាប់មកជាមួយលក្ខណៈស្តង់ដារដូចជា: ដំបូលលើបើកបែបpanoramic sunroofដ៏ធំ, ទំហំកង់ ១៩អ៊ីញ, កៅអីអូតូ, ឃ្លុបក្រោយអូតូ, អំពូល LED ប្រភេទ DRL ព័ទ្ធជុំវិញរថយន្ត, រន្ធខ្យល់ម៉ាស៊ីនត្រជាក់ខាងក្រោយ, កញ្ចក់ចំហៀងអូតូផងដែរ។ នៅផ្នែកខាងក្នុងនៃរថយន្ត Maxus D60 ភ្ជាប់មកជាមួយអេក្រង់កំសាន្តទំហំ៨អ៊ីញភ្លឺច្បាស់ល្អ និងកៅអីពូកស្បែកដ៏ប្រណីត រួមនឹងសម្ភារៈទន់រលោងពណ៌ខ្មៅលាយពណ៌ឆឺរី ដែលផ្តល់នូវផាសុកភាពនិងប្រណីតភាព។ និយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាផ្តល់ជូននូវពោងខាងមុខនិងចំហៀង, ប្រព័ន្ធហ្វ្រាំងABS, សេនស័រមុខនិងកាំមេរ៉ាក្រោយជំនួយពេលចតរថយន្ត។ រថយន្ត Maxus D60 ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រើសាំងតួបូចំណុះ១,៥លីត្រ ៤ស៊ីឡាំងដែលបង្កើតកម្លាំងបាន ១៦៧សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ។ វាបានភ្ជាប់ដោយប្រអប់លេខអូតូស្វ័យប្រវត្តិ ៧វគ្គ ហើយបញ្ជូនថាមពលទៅនឹងកង់មុខ។
- Mitsubishi Xpander តម្លៃ ៣៤ ៨០០ដុល្លារ: វានឹងក្លាយជារថយន្តដ៏ល្អសម្រាប់មនុស្សមួយចំនួនដែលមានរបៀបរស់នៅបែបទាន់សម័យ។ វាជារថយន្តមានភាពទំនើប, កម្ពស់ខ្ពស់ពីដីល្អនិងយ៉ាន់កង់បែបស្ព័រ។ ផ្នែកខាងមុខនៃរថយន្ត Xpander បង្ហាញពីខ្សែអក្សរដិតនៃឡូហ្គោនៅចំកណ្តាលអមជាមួយប៉ាណាមុខជាខ្សែសំណាញ់ដែលមើលទៅពិតជាស្វាហាប់រួមដោយអំពូលLEDនៅសងខាងពិតជាស្រស់ស្អាត។ រថយន្ត Mitsubishi Xpander គឺមានប្រវែងបណ្តោយនិងប្រវែងទទឹងវែងជាងរថយន្ត Toyota Rush ដែលមានប្រវែងបណ្តោយ ៤ ៤៧៥មីលីម៉ែត្រ និងប្រវែងទទឹង ១ ៧៥០មីលីម៉ែត្រ។ ទោះជាយ៉ាងណាក៏វាមានប្រវែងតូចជាងរថយន្ត Maxus D60 ដែរប៉ុន្តែរថយន្ត Toyota Rush មានកម្ពស់ខ្ពស់ពីដីខ្ពស់ជាងបន្តិចគឺ ១ ៧០៥មីលីម៉ែត្រ។ ផ្នែកខាងក្នុងកាប៊ីនរបស់រថយន្ត Xpander ត្រូវបានរចនាដោយសម្ភារៈប្លាស្ទិកគុណភាពខ្ពស់ហើយកៅអីពូកត្រូវបានគ្របដណ្តប់ដោយស្បែកយ៉ាងស្រស់ស្អាត។ ម៉ូដែលនេះក៏ធានារយៈពេល៣ ឆ្នាំសម្រាប់អតិថិជនផងដែរ។
រថយន្តប្រភេទ ៧កៅអីដែលមានតំលៃសមរម្យខាងលើនេះមានលក្ខណៈពិសេសខុសៗគ្នាហើយមើលទៅល្អជាមួយនឹងការរចនារួមទាំងទំហំខុសគ្នាផងដែរ។ នេះគឺជាផ្នែកថ្មីដែលយីហោ Maxus, Toyota និង Mitsubishi កំពុងចាប់ផ្តើមបញ្ចូលគ្នានូវប្រភេទរថយន្ត SUV ខ្នាតកណ្តាលជាមួយនឹងប្រណីតភាពនិងស្តង់ដារនៃមុខងារប្រើប្រាស់យ៉ាងពិសេសនិងតម្លៃសមរម្យផងដែរ៕