[បរទេស] បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងនៅក្នុងឆ្នាំ ២០០៧ នៅឯពិព័រណ៌រថយន្ត Tokyo Motor Show ខណៈពេលនេះ ក្រុមហ៊ុន Nissan គ្រោងនឹងបញ្ឈប់ការផលិតរថយន្ត Nissan GT-R R35 បន្ទាប់ពីឆ្នាំ ២០២៥ ដោយសារតែគ្រឿងបន្លាស់ជាច្រើនរបស់រថយន្តនេះត្រូវបានឈប់ផលិត។
សម្រាប់រថយន្ត Nissan GT-R ជារថយន្តស្ព័រដ៏ល្បីរបស់ប្រទេសជប៉ុន ដែលល្បីខាងកម្លាំងមិនអន់ជាងរថយន្តទំនើបថ្លៃៗឡើយ ដោយបានបង្ហាញខ្លួនអស់រយៈពេល ១៧ឆ្នាំ ទទួលបានការកែមុខមាត់ថ្មីចំនួន ៣លើក នៅក្នុងឆ្នាំ ២០១០ ២០១៦ និងឆ្នាំ ២០២៣ ។
ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះ គ្រោងនឹងផលិតរថយន្ត Nissan GTR ម៉ូដែល Limited ដែលមានចំនួន ១៥០០ គ្រឿងលើកចុងក្រោយផងដែរ ។
គួរឲ្យដឹងថា Nissan GT-R ស៊េរីឆ្នាំ ២០២៤ ត្រូវបានបំពាក់ជាមួយម៉ាស៊ីន V6 ចំណុះ ៣,៨ លីត្រ twin-turbo អាចផលិតកម្លាំងបាន ៥៧០ សេះ និងកម្លាំងរមួល ៦៣៧ ញ៉ូតុនម៉ែត្រ និងមានតម្លៃលក់ចាប់ពី ១២១ ៩០០ ដុល្លារ ដល់ ២២១ ០៩០ ដុល្លារ ៕