[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot ប្រចាំនៅចក្រភពអង់គ្លេស បានធ្វើការដាក់បង្ហាញចេញនៅ Peugeot First Edition ប្រភេទ Crossover ជាមួយការអាប់ដេតមួយចំនួន ដែលមានចំនួនកំណត់ត្រឹមតែ ៥០ គ្រឿងប៉ុណ្ណោះ។
រថយន្តចំនួន ៥០ គ្រឿងគឺផ្អែកលើម៉ូដែល GT នៃ 408 ដែលត្រូវបានកែកុនថ្មីជាមួយនឹងថាសកង់ស្ព័រទំហំ ២០ អ៊ីញ ប្រភេទ Monolithe diamond-cut, ឧបករណ៍សាកថ្មទំហំ ៧,៤ គីឡូវ៉ាត់ម៉ោង សម្រាប់ប្រភេទ plug-in hybrid និង Driver & Passenger Seat Pack, កៅអីមុខងារភ្ជាប់ដោយមុខងារកម្តៅអាចការលៃតម្រូវតាមរយៈថាមពលអគ្គិសនី និងមុខងារម៉ាស្សាចំនួន ៥របៀប។
បន្ថែមជាមួយឧបករណ៍សាកថ្មនៅតាមផ្ទះ Pod Point ឥតគិតថ្លៃ, ឥណទានសាកថ្មសាធារណៈ ៥៥៦ ដុល្លារ តាមរយៈបណ្តាញ Electroverse របស់ Octopus Energy និងកញ្ចប់សេវាកម្មរយៈពេល ៤ ឆ្នាំ ។
រាល់ម៉ូដែលពិសេស 408 First Edition ត្រូវបានតុបតែងដោយពណ៌ខៀវ (Obsession Blue) ប៉ុន្តែការបញ្ជាក់ភាគច្រើនមិនមានការផ្លាស់ប្តូរពីរថយន្ត GT នោះទេ រួមទាំងផ្ទៃតាប្ល៊ូ i-Cockpit របស់ Peugeot និងដៃចង្កូតរាងតូច និងម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ២២៥ សេះ។ ម៉ូដែល 408 ផ្សេងទៀតអាចរកទិញបានជាមួយនឹងថាមពលចំហេះក្នុង និងម៉ូដែលអគ្គិសនីសុទ្ធផងដែរ។
រថយន្ត 408 នឹងមានលក់ជាមួយជម្រើសម៉ូឌែលដូចជា Alllure, Allure Premium និង GT ដោយមានតម្លៃប្រហែល ៣៣ ៣៧៨ ដុល្លារ ប៉ុន្តែត្រូវរង់ចាំរហូតដល់ Peugeot បង្ហាញរថយន្តជាផ្លូវការនៅឯពិព័រណ៍ Paris Motor Show នៅចុងខែនេះ៕