Nissan Patrol ដែលជាប្រភេទរថយន្ត SUV ប្រណីតមួយ បានបង្ហាញមុខមាត់ថ្មីរបស់ខ្លួនសម្រាប់ស៊េរីឆ្នាំ ២០២០ ដែលវាជាការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងខុសពីជំនាន់មុន។
សម្រាប់ម៉ូដែលថ្មីនេះមានផ្ដល់នូវបច្ចេកវិទ្យាថ្មីៗច្រើន និងផ្ដល់ប្រណីតភាពខ្ពស់ដល់អ្នកធ្វើដំណើរផងដែរ។ រថយន្តនេះនឹងចេញលក់ដំបូងគេនៅទីផ្សារមជ្ឈិមបូព៌ានាចុងខែកញ្ញា ដោយមិនទាន់បង្ហាញតម្លៃលក់នៅឡើយ។
ផ្នែកខាងក្នុងមានប្រណីតភាពខ្ពស់ ដោយសារមានការបំពាក់នូវកៅអីអង្គុយស្រោបដោយស្បែក និងមានដេរអំបោះប្រើក្បាច់ដូចជាគ្រាប់ពេញ។ Nissan បានបង្អួតថាផ្នែកខាងក្នុងមានសំឡេងស្ងាត់ល្អជាងមុខ។ នៅពេលនេះវាមានអេក្រង់បង្ហាញចំនួនពីរនៅចំកណ្ដាល ដែលអាចប្រើជាមួយ Apple CarPlay និង Android Auto ផងដែរ។ មុខងារជំនួយដល់ការបើកបរបានដូចជាប្រព័ន្ធជាន់ហ្វ្រាំងបន្ទាន់វៃឆ្លាត ជាមួយនឹងប្រព័ន្ធចាប់សញ្ញាអ្នកថ្មើរជើង និងប្រព័ន្ធព្រមានពីគ្រោះថ្នាក់នៅខាងមុខជាដើម។
Nissan Patrol ស៊េរីឆ្នាំ ២០២០ មានបំពាក់ម៉ាស៊ីន ៤,០ លីត្រ ៦ ស៊ីឡាំង កម្លាំង ២៧៥ សេះ។ អតិថិជនក៏អាចរើសយកម៉ាស៊ីន ៨ ស៊ីឡាំង ចំណុះ ៥,៦ លីត្រ ដែលមានកម្លាំង ៤០០ សេះ។ ប្រភេទ ៨ ស៊ីឡាំង គឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធបូម Hydraulic Body Motion Control របស់ Nissan ផងដែរ៕