
ក្រុមហ៊ុន GWM បានណែនាំលក្ខណៈពិសេសដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់រថយន្ត Tank 300 Hi4-T ដោយបំពាក់មកជាមួយថ្មថ្មី និងបានបង្កើនកម្លាំងម៉ូទ័រអគ្គិសនីឲ្យកាន់តែខ្លាំង ខណៈតម្លៃនៅតែរក្សាដដែលត្រឹមតែ ២៤៩ ៨០០ យ៉ន់ (ឬស្មើនិងប្រមាណ ៣៥ ៣៥០ ដុល្លារនេះបើយោងតាមការចុះផ្សាយពី D-Auto។
ការអាប់ដេតបច្ចេកទេសស្នូលពាក់ព័ន្ធនឹងប្រព័ន្ធអគ្គិសនីបី (three-electric system)។ សម្រាប់ប្រព័ន្ធថាមពល PHE ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២.០ លីត្រ (turbocharged) អាចផលិតកម្លាំង ២៥២ សេះ និងកម្លាំងរមួល ៣៨០ញូនតុនម៉ែត្រ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនីដាក់នៅផ្នែកខាងមុខ ហើយបន្តប្រើប្រាស់ប្រអប់លេខអូតូ ៩ វគ្គ ជាមួយប្រព័ន្ធបើកបរកង់ទាំង៤ (four-wheel drive)។
កម្លាំងអតិបរមារបស់ម៉ូទ័រអគ្គិសនីបានកើនឡើងពី ១២០ គីឡូវ៉ាត់ ដល់ ១៣០ គីឡូវ៉ាត់ ហើយកម្លាំងរមួលអតិបរមាកើនឡើងពី ៤០០ ញូតុនម៉ែត្រ ដល់ ៤៩៥ ញូតុនម៉ែត្រ ពេលដំណើររួមគ្នាជាម៉ាសុីអាចផលិតកម្លាំងសរុបដល់ ៣១០ គីឡូវ៉ាត់។ ជាមួយការធ្វើបច្ចុប្បន្នភាពនេះ Tank 300 Hi4-T ត្រូវបានបំពាក់មកជាមួយអាគុយ lithium-ion ទំហំ ៣៦.៧ គីឡូវ៉ាត់ម៉ោង (kWh) ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ១០៥ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTC ។ រថយន្ដនេះក៏គាំទ្រការសាកថ្មល្បឿនលឿន DC (DC fast charging) ដោយការសាកថ្មពី ៣០ ទៅ ៨០ ភាគរយ ត្រូវបានកាត់បន្ថយពីរយៈពេល ២៤នាទី មកត្រឹម ១៦នាទី។
ការរចនាខាងក្រៅរថយន្ត Tank 300 Hi4-T រក្សារចនាប័ទ្មខាងក្រៅនៃដូចទៅរថយន្ដ Tank 300 ជំនាន់មុន ដោយរូបរាងខាងក្រៅរចនាបែបប្រអប់, ប៉ាណាខាងមុខរាងចតុកោណកែង, ភ្លើងខាងមុខមូល, បំពាក់ជាមួយរបារនៅលើដំបូល, ថាសកង់រចនាបែប (multi-spoke ) និងទ្វារក្រោយបើកចំហៀងភ្ជាប់ជាមួយកង់សាគួរនៅខាងក្រោយ។ ទំហំរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៧៥០ មីលីម៉ែត្រ, ទទឹង ១ ៩៣០ មីលីម៉ែត្រ, កម្ពស់ ១ ៩០៣ មីលីម៉ែត្រ និងមានប្រវែងគម្លាតកង់មុខក្រោយ ២ ៧៥០ មីលីម៉ែត្រ។
នៅផ្នែកខាងក្នុងបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ១៤.៦ អ៊ីញ, កុងទ័រ LCD ទំហំ ១២.៣ អ៊ីញ, ឧបករណ៍សាកថ្មឥតខ្សែទំហំ ៥០ វ៉ាត់ចំនួនពីរនិងផ្ទៃខាងក្នុងតុបតែងដោយក្រូម។ ជាមួយនេះ ank 300ថ្មីនេះបានបំពាក់ជាមយយឧបករណ៍ស្តង់ដារមានដូចជា ចង្កូតរចនា២កំណាត់, ចង្កឹះលេខអេឡិចត្រូនិក, មុខងារចាក់សោរបុង និងមុខងារ Tank Turn ត្រូវបានគេហៅថា “Turn Assist”។
មិនទាន់ទេបងប្អូនលក្ខណៈពិសេសបន្ថែមរួមមាន ប្រព័ន្ធជំនួយអ្នកបើកបរកម្រិត L2, ភ្លើងខាងមុខ Auto LED, ដំបូលកញ្ចក់, កម្តៅកៅអីខាងផ្នែកខាងមុខ, រន្ធ AC ខាងផ្នែកក្រោយ, និងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេ។ សម្រាប់ទិន្នន័យលក់សរុប ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ ២០២៥ រថយន្ត Tank 300 Hi4-T លក់បានចំនួន ២៤ ២៥៤ គ្រឿង នៅទីផ្សារប្រទេសចិន៕




















