រថយន្ត Xiaomi YU7 GT កម្លាំងរហូតដល់ ៩៩០ សេះ ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅចុងខែឧសភាខាងមុខនេះ

ផ្អែកលើរូបភាពដែលបានលេចធ្លាយនៅលើបណ្តាញអុីនធឺណិត រថយន្ត Crossover ម៉ូឌែល YU7 GT ទាំងអស់ដែលគេប្រទះឃើញនៅឯរោងចក្រ គឺមានពណ៌ខាងក្រៅជាពណ៌ក្រហមបែបឈាមជ្រូក។ យើងសន្មតបានអាចថាម៉ូឌែលទាំងនេះត្រូវបានផលិតឡើងសម្រាប់គោលបំណងដាក់តាំងបង្ហាញនៅក្នុងហាង Xiaomi Auto។ តាមការរំពឹងទុករថយន្ដនេះនឹងបង្ហាញខ្លួននៅក្នុងបន្ទប់តាំងបង្ហាញ (showrooms) នៅទូទាំងប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះ។

រថយន្ត Xiaomi YU7 GT ជាប្រភេទរថយន្ត Crossover ស្ព័រ ៥ កៅអី មានប្រវែងបណ្ដោយ ៥ ០១៥មម, ទទឹង ២ ០០៧មម, កម្ពស់ ១ ៥៩៧មមនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ០០០មម។ ចំពោះកម្រិតសមត្ថភាពវិញ YU7 GT បំពាក់នូវម៉ូទ័រអគ្គិសនីផ្នែកខាងមុខ អាចមានកម្លាំងខ្លាំងបំផុត ២៨៨ គីឡូវ៉ាត់ (៣៨៦ សេះ) និងម៉ូទ័រអគ្គិសនីផ្នែកខាងក្រោយកម្លាំង ៤៥០ គីឡូវ៉ាត់ (៦០៤ សេះ)។ 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Xiaomi បាននឹងកំពុងធ្វើតេស្តសាកល្បងរថយន្ត Crossover ម៉ូឌែល YU7 GT នៅលើទីលាន Nürburgring Nordschleife។ រថយន្តថ្មីនេះមានរូបរាងខាងក្រៅបែបស្ព័រ ដោយមានបំពាក់កាងមុខយ៉ាងលេចធ្លោ កាងការពារខ្យល់ផ្នែកខាងក្រោយ និងដុំហ្វ្រាំង (brake calipers) មានទំហំធំជាងមុន។ បន្ថែមពីនេះវាបានបំពាក់នូវថាសកង់ទំហំ ២១ អ៊ីញ និងមានរន្ធខ្យល់ចេញចូលចំនួន ១០ កន្លែង។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ប្រព័ន្ធបូមខ្យល់, ប្រព័ន្ធបែងចែកកម្លាំងរមួលនៅកង់ក្រោយ និងប្រព័ន្ធហ្វ្រាំងកាបូនសេរ៉ាមិចម៉ាក Brembo។

បន្ថែមពីនេះ Xiaomi YU7 GT បំពាក់ជាមួយកញ្ចប់អាគុយទំហំ ១០១.៧ kWh អាចបើកបរបានចម្ងាយរហូតដល់ ៧០៥ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ ចំណែករថយន្ត Xiaomi  SU7 Ultra បំពាក់អាគុយទំហំ ៩៣.៧ kWh អាចបើកបរបានចម្ងាយ ៦២០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម