រោងចក្ររថយន្ត BYD នៅកំពង់សោម នឹងសម្ពោធថ្ងៃ១២ធ្នូ ត្រៀមដំឡើងម៉ូឌែលពេញនិយម​នៅកម្ពុជា

រោងចក្រដំឡើង​រថយន្ត​ BYD ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិបិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២៥ខាងមុខនេះ ក្រោមអធិបតី​ភាព​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

រោងចក្រដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងប្រភេទអគ្គិសនីលាយសាំង (PHEV) របស់ក្រុមហ៊ុន BYD នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រោមទុនវិនិយោគជាង៣១លានដុល្លារ។ នៅឆ្នាំ២០២៦ ខាងមុខនេះ BYD គ្រោងនឹងដំឡើងរថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើតាមក្រុមហ៊ុន BYD បានឲ្យដឹងថា ម៉ូឌែលសំខាន់ៗដែល BYD លក់នៅកម្ពុជានឹងត្រូវបានផលិតនិងដំឡើងក្នុងស្រុក។ នេះមិនត្រឹមតែមានន័យថា ការផ្គត់ផ្គង់មានប្រសិទ្ធភាព និងការចែកចាយកាន់តែលឿនប៉ុណ្ណោះទេ ថែមទាំងនឹងបង្កើតឱកាសការងារ ជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចតំបន់។

BYD មិនត្រឹមតែនាំយកផលិតផលទំនើបៗមកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវ សមត្ថភាពផលិត, ទស្សនៈបច្ចេកវិទ្យា និងខ្សែសង្វាក់ឧស្សាហកម្មបៃតង ចូលមកក្នុងប្រទេសកម្ពុជាទៀតផង។អ្នកប្រើប្រាស់កម្ពុជានឹងទទួលបាននូវ “យុគសម័យយានយន្តថាមពលថ្មីដែលផលិតនៅក្នុងស្រុក”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម