ក្រុមហ៊ុនជប៉ុន Suzuki Motor Corp បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានផ្អាកការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ពីរោងចក្រនៅប្រទេសហុងគ្រីរបស់ខ្លួន ចាប់តាំងពីដើមខែមីនា ដោយសារតែសង្គ្រាម ដែលជាសញ្ញាដំបូងនៃជម្លោះដែលប៉ះពាល់ដល់សេដ្ឋកិច្ចទូលំទូលាយនៅក្នុងតំបន់។
គួរឲ្យដឹងថា តំបន់អឺរ៉ុបកណ្តាល កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ នៅតែបន្ត រួមទាំងពីទណ្ឌកម្មរបស់លោកខាងលិចដ៏តឹងរ៉ឹងលើទីក្រុងម៉ូស្គូ និងភាពចលាចលនៅក្នុងទីផ្សារពិភពលោក ស្របពេលដែលអ្នកវិនិយោគបានប្តូរទៅជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងមុន។
ក្រុមហ៊ុន Suzuki បាននិយាយថា ខ្លួននាំចេញរថយន្តប្រហែល ១០ ០០០ គ្រឿងទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនក្នុងមួយឆ្នាំ ហើយបានបន្ថែមថា ខ្លួនកំពុងព្យាយាមផ្លាស់ប្តូរការបញ្ជាទិញដែលរងផលប៉ះពាល់ទៅកាន់ទីផ្សារផ្សេងទៀត ដើម្បីរក្សាបរិមាណផលិតកម្មដែលបានគ្រោងទុក។
អាជីវកម្មរបស់ Suzuki នៅហុងគ្រី បានលក់រថយន្តចំនួន ១១៩ ០៩៨ គ្រឿងក្នុងឆ្នាំ ២០២០ ដោយផ្អែកលើតួលេខចុងក្រោយបង្អស់ដែលមាននៅលើគេហទំព័ររបស់វា រួមទាំងរថយន្តចំនួន ១០១ ៦៧២ គ្រឿងនៅក្នុងទីផ្សារបរទេស ដែលមានន័យថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានចំនួនប្រហែល ១ភាគ១០ នៃការនាំចេញប្រចាំឆ្នាំរបស់ខ្លួនប៉ុណ្ណោះ៕