[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសឈប់ទទួលការកក់សម្រាប់រថយន្តអគ្គិសនីសុទ្ធ Volvo EX90 ដោយសារតែតម្រូវការខ្លាំងបានលើសសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុន នឹងបើកបញ្ជាទិញឡើងវិញក្នុងពេលឆាប់ៗនេះ ដោយមិនផ្តល់ពេលវេលាច្បាស់លាស់នោះទេ។
រថយន្ត SUV អគ្គិសនីខ្នាតធំនេះ គ្រោងនឹងចេញលក់នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ហើយនឹងត្រូវផលិតនៅសហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងប្រទេសចិនផងដែរ។ ការប្រកាសអំពីការបិទការបញ្ជាទិញជាបណ្ដោះអាសន្នត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ ២០២៣ ។ នៅក្នុងឯកសារដដែលនេះ ក្រុមហ៊ុន Volvo និយាយអំពីរថយន្តអគ្គិសនីថ្មីនឹងត្រូវបានដាក់បង្ហាញក្នុងរយៈពេលប៉ុន្មានខែខាងមុខ ជារថយន្តប្រភេទ SUV ដែលស្ថិតនៅក្រោមម៉ូដែល XC40 និង C40 Recharge ។
ក្រុមហ៊ុនមានទំនុកចិត្តថាម៉ូដែលថ្មីដែលហៅថា EX30 នឹងទាក់ទាញអតិថិជនជាមួយតម្លៃទាបជាង។ វាត្រូវបានគ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ CEO Jim Rowan នៅដើមឆ្នាំ។
Volvo ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដំបូងគេដែលប្រកាសពីផែនការសម្រាប់ការផលិតតែរថយន្តអគ្គិសនីត្រឹមចុងទសវត្សរ៍នេះ។ ដើម្បីទៅដល់ទីនោះ ក្រុមហ៊ុនក៏មានបំណងដាក់បង្ហាញរថយន្តអគ្គិសនីបន្ថែមដោយដាក់ចេញយ៉ាងហោចណាស់មួយម៉ូដែលរហូតដល់ឆ្នាំ ២០២៥ ៕