នៅឆ្នាំ ២០១៩ ក្រុមហ៊ុន Ferrari អាចលក់រថយន្តបាន ១០ ១៣១ គ្រឿងនៅទូទាំងពិភពលោក ហើយអាចរកប្រាក់ចំណេញបានច្រើនមហាសាលពីរថយន្តមួយគ្រឿង។ នេះបើផ្អែកតាមរបាយការណ៍មួយរបស់ Fiat Group World។
ប្រភពខាងលើបានឲ្យដឹងថាប្រាក់ចំណេញបានពីរថយន្តមួយគ្រឿងគឺមានប្រមាណ ៩៤ ៤៧៤ ដុល្លារ។ វាជាប្រាក់ចំណេញច្រើនមហាសាលមួយ ប៉ុន្តែតិចជាងឆ្នាំមុនបន្តិចបន្តួចដែលមួយគ្រឿងៗ Ferrari អាចចំណេញបាន្ប្រមាណ ៩៤ ៩៤៧ ដុល្លារ។
ការចុះផ្សាយរបស់ Fiat Group World ក៏បានប្រៀបធៀបអំពីប្រាក់ចំណេញរបស់ Ferrari ជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតដែរ។ ឧទាហរណ៍ដូចជា BMW ត្រូវលក់រថយន្តឲ្យបាន ៣០ គ្រឿង ទើបបានប្រាក់ចំណេញស្មើរថយន្ត Ferrari មួយគ្រឿង។ ចំណែក Volkswagen ត្រូវលក់រថយន្ត ៥៦ គ្រឿង, Mercedes ត្រូវលក់រថយន្ត ៦៧ គ្រឿង, Ford ត្រូវលក់រថយន្ត ៩០៨ គ្រឿង ហើយ Nissan ត្រូវលក់រថយន្ត ៩២៨ គ្រឿង។
នៅឆ្នាំ ២០១៩ វាគឺជាឆ្នាំដំបូងដែល Ferrari អាចលក់រថយន្តបានលើសពី ១ម៉ឺនគ្រឿង អាចរកប្រាក់ចំណូលបាន ៣,៧៦៦ ពាន់លានអឺរ៉ូ ដែលកើនឡើង ១០,១% ធៀបនឹង ២០១៨។ អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកជាតំបន់ដែលលក់បានច្រើនជាងគេ៕