លើកនេះប្រកាសផ្លូវការហើយថា Land Cruiser ជំនាន់ថ្មី នឹងបង្ហាញខ្លួនសប្ដាហ៍ក្រោយ

នៅទីបំផុត Toyota បានបញ្ជាក់ថារថយន្ត Land Cruiser ជំនាន់ថ្មីរូបរាងថ្មីនឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី៩ ខែមិថុនាខាងមុខនេះ ដែលការបង្ហាញវត្តមានរបស់ Land Cruiser ជំនាន់ថ្មីនឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅលើ YouTube។

ទាក់ទងនឹងរថយន្ត Land Cruiser ជំនាន់ថ្មី ត្បិតថាវាមិនទាន់ប្រកាសចេញជាផ្លូវការ ប៉ុន្តែគេបានដឹងដំណឹងច្រើនមកហើយទាក់ទងនឹងរថយន្តនេះ រួមទាំងរូបរាងថ្មីរបស់វាផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Land Cruiser ថ្មីនឹងប្តូរប្រើប្រាស់គ្រោងឆ្អឹង TNGA-F ដោយវានឹងបាត់បង់ជម្រើសម៉ាស៊ីន ៨ស៊ីឡាំង ដែលជំនួសមកវិញនូវម៉ាស៊ីន ៦ស៊ីឡាំង ចំណុះ ៣,៥លីត្រ ប្រភេទ Turbocharged អមជាមួយម៉ាស៊ីនម៉ាស៊ូត ៦ស៊ីឡាំង ចំណុះ ៣,៣លីត្រមកជាមួយផងដែរ។

ក្រៅពីផ្លាស់ប្ដូររូបរាងខាងក្រៅហើយនោះ រថយន្តជំនាន់ថ្មីក៏នឹងមានការផ្លាស់ប្ដូរផ្នែកខាងក្នុងផងដែរ។ បើតាមរូបភាពដែលគេប្រមាញ់បាននាពេលកន្លងមកឃើញថាផ្នែកខាងក្នុងនឹងមានបំពាក់ដោយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ មានឧបករណ៍បំពងសំឡេងម៉ាក JBL ចំនួន ១៤គ្រាប់ ហើយផ្នែកខាងក្រោយមានប្រព័ន្ធកម្សាន្តដាច់ដោយឡែកទៀតផង។

នៅសប្ដាហ៍ក្រោយនេះ រាល់ព័ត៌មានទាក់ទងនឹង Land Cruiser ជំនាន់ថ្មី នឹងត្រូវបង្ហាញជាផ្លូវការ ដូចនេះកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម