ក្រុមហ៊ុន Mercedes-Benz កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍រថយន្ត S-Class ជំនាន់ថ្មី ដែលរថយន្តប្រណីតជំនាន់ថ្មីនេះនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី២ ខែកញ្ញា តាមរយៈកម្មវិធីពិសេសដែលនឹងផ្សាយផ្ទាល់តាមអនឡាញ។
នៅនាទីចុងក្រោយ កាន់តែជិតដល់ពេលប្រកាសចេញ គេអាចឃើញកាន់តែច្បាស់នៃរូបរាងរបស់ S-Class ជំនាន់ថ្មី ដែលបើកបរសាកល្បងលើដងផ្លូវជាមួយការបិទបាំងរចនាបថតិចតួចបំផុត មិនដូចពីមុនៗនោះទេ។ យ៉ាងណាក្ដីនៅត្រង់អំពូលភ្លើងខាងមុខ និងអំពូលខាងក្រោយនៅមានការបិទបាំងយ៉ាងជិតតែម្ដង។ ទស្សនារូបភាពដូចខាងក្រោមនេះ ៖
ត្បិតថារចនាបថខាងក្រៅរបស់ S-Class ជំនាន់ថ្មីគេនៅមិនទាន់ដឹងច្បាស់ ១០០% ប៉ុន្តែគេបានដឹងច្បាស់អំពីរចនាបថខាងក្នុងរបស់រថយន្ត តាមរយៈការបង្ហាញរបស់ Mercedes នាពេលកន្លងមក។ នៅផ្នែកខាងក្នុងមានបំពាក់អេក្រង់រហូតដល់ ៥អេក្រង់ ដែលអេក្រង់នៅចំកណ្ដាលមានទំហំ ១២,៨អ៊ីញ មានមុខងារ Haptic Feedback ចំណែកអេក្រង់ដែលប្រើធ្វើជាកុងទ័ររថយន្ត មានបង្ហាញព័ត៌មានបែប 3D តែម្ដង៕