ថ្វីបើ BMW គឺជាក្រុមហ៊ុនផលិតរថយន្តប្រណីតដំបូងគេបង្អស់មួយ ដែលបានចេញលក់រថយន្តដំណើរការដោយអគ្គិសនីសុទ្ធ (BMW i3) ប៉ុន្តែ BMW ហាក់ដូចជាដើរយឺតបន្តិច ក្នុងការបញ្ចេញរថយន្តអគ្គិសនីបន្តបន្ទាប់របស់ខ្លួន។
ជាក់ស្តែង BMW iX3 ត្រូវបានដាក់បង្ហាញជាគំរូរថយន្តអគ្គិសនី តាំងពីខែតុលា ឆ្នាំ២០១៨ មកម្ល៉េស ប៉ុន្តែរហូតមកទល់ពេលនេះ វានៅមិនទាន់បង្ហាញខ្លួនជាផ្លូវការនៅឡើយទេ។ ទោះជាយ៉ាងណា ការដាក់បង្ហាញអាចនឹងមិនយូរទៀតប៉ុន្មានឡើយ បន្ទាប់ពីរូបថតផ្លូវការរបស់វា ត្រូវបានគេចែកចាយពាសពេញបណ្តាញសង្គមរួចទៅហើយ។
រថយន្ត BMW iX3 នឹងបំពាក់អាគុយកម្លាំង ៧៤គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយ ៤៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ អាគុយនេះផ្តល់កម្លាំងទៅឲ្យម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ២៨២សេះ។ វាជាប្រភេទរថយន្តប៉ុងមួយវិលកង់ក្រោយ ហើយក៏មិនទាន់មានការបញ្ជាក់អំពី ការចេញលក់ iX3 ប្រភេទប៉ុងពីរ AWD ដែរ៕