វត្តមានឡាន Audi Q9 ឆ្នាំ ២០២៣ កំពុងលេចចេញមកជាបណ្តើរៗហើយ!

រូបភាពនៃរថយន្ត Audi Q9 ស៊េរីឆ្នាំ ២០២៣ ថ្មី ដែលត្រូវបានគេជឿថា បាន និងកំពុងតែបង្កើតឡើង សម្រាប់តែទីផ្សារប្រទេសចិន ត្រូវគេថតបាន ដោយបង្ហាញឲ្យឃើញរូបរាងនៃរថយន្ត SUV ធំបំផុតរបស់ Audi កំពុងធ្វើតេស្តនៅតាមផ្លូវ។

រូបថតថ្មីៗទាំងនោះត្រូវបានថតនៅលើផ្លូវដែលមានព្រិលធ្លាក់ ផ្តល់ឲ្យយើងនូវរូបភាពច្បាស់ៗ ដែលគេជឿជាក់ថាជាម៉ូដែល Audi Q9។ ក្នុងនោះ គេសង្កេតឃើញថា វាមានបំពាក់ស្តុបពណ៌ក្រហម ៣ឈ្នូតនៅផ្នែកខាងក្រោយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ គេជឿជាក់ថា Audi Q9 នឹងមានខ្ចីការឌីហ្សាញមួយចំនួនពី ម៉ូដែល Audi A4 Avant ប៉ុន្តែមានការឌីហ្សាញផ្ទាល់ខ្លួនរបស់វាផ្សេងបន្ថែមទៀត។

មិនតែប៉ុណ្ណោះ គេដឹងថា Q9 នឹងផ្តល់នូវកាប៊ីនធំទូលាយជាងម៉ូដែល Q8 ហើយប្រើគ្រោងឆ្អឹង MQB Platform ដូចរថយន្ត Volkswagen Atlas។ ប្រសិនបើបែបនេះមែន វាទំនងជានឹងផ្តល់ជម្រើសម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៥សេះ និង ម៉ាស៊ីនចំណុះ ៣,៦លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៧៦សេះ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយ ឬ ប៉ុងពីរ។

យ៉ាងណាក៏ដោយ គេមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីម៉ូដែលនេះឡើយ ដូច្នេះមានតែរង់ចាំមើលនៅពេលវាបង្ហាញខ្លួនជាផ្លូវការប៉ុណ្ណោះ។ ដូចគ្នានេះដែរ ឈ្មោះរបស់វាក៏មិនទាន់ត្រូវបានបញ្ជាក់ច្បាស់ពី Audi ដែរ មិនថាជា Q9, Q7L ឬ Q8L ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម