ក្នុងអំឡុងពេលបើកបររថយន្តធ្វើដំណើរទៅកាន់ទីជិតទីឆ្ងាយ លោកអ្នកអាចនឹងជួបបញ្ហានៃការឡើងកម្តៅម៉ាស៊ីនរថយន្តដោយប្រកាសណាមួយ។ ចំពោះការឡើងកម្តៅនេះ មានច្រើនករណី ដែលភាគច្រើនបណ្តាលមកពីបញ្ហាក្នុងប្រព័ន្ធទប់កម្តៅ ឬយើងហៅជាទូទៅថា ប្រព័ន្ធទឹក។ បើជួបបញ្ហានេះ លោកអ្នកគួរអនុវត្តតាមវិធីមួយចំនួនខាងក្រោមនេះ ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃម៉ាស៊ីនរថយន្ត និងការចំណាយ នៅពេលពិបាករកជំនួយ៖

១. ត្រូវឈប់រថយន្តភ្លាមៈ ប្រសិនបើអ្នកចាប់អារម្មណ៍ថា ម៉ាសីនត្រជាក់ លែងសូវត្រជាក់ និងជាពិសេសពេលកុងទ័រកម្តៅ កំពុងឡើងហួសចេញពីចំណុចពាក់កណ្តាល មានន័យថា ម៉ាស៊ីនកំពុងឡើងកម្តៅខ្លាំងហើយ ដែលត្រូវឈប់រថយន្តភ្លាមៗតាមដែលអាចធ្វើបាន។
២. បិទម៉ាស៊ីនត្រជាក់ៈ បើសិនស្ថិតក្នុងស្ថានភាពស្ទះចរាចរណ៍ រកកន្លែងឈប់មិនទាន់ពេល អ្នកត្រវបិទម៉ាស៊ីនត្រជាក់ ហើយកាច់ឬមូលដំឡើងសីតុណ្ហភាពឲ្យក្តៅបំផុត ដើម្បីឲ្យវាទាញកម្តៅខ្លះចេញពីម៉ាស៊ីន ចូលមកក្នុងកាប៊ីន។
៣. ទុកឲ្យម៉ាស៊ីនចុះត្រជាក់សិនៈ នៅពេលឈប់រថយន្តហើយ យល់ល្អកុំទាន់អាលបើកគម្របម៉ាស៊ីនខាងមុខអី ព្រោះវាអាចជះកម្តៅមកលើខ្លួនអ្នក ឬអ្នកមិនប្រយ័ត្នប៉ះផ្នែកណាមួយម៉ាស៊ីនដែលកំពុងក្តៅខ្លាំងដែលបណ្តាលឲ្យមានការរលាក។
៤. ហាមបើកគម្របធុងទឹកដាច់ខាតៈ បើអ្នកជ្រុលជាបើកគម្របម៉ាស៊ីនហើយ ដាច់ខាតមិនត្រូវបើកគម្របធុងទឹកមេដាច់ខាត ព្រោះពេលម៉ាស៊ីនកំពុងឡើងកម្តៅខ្លាំង សម្ពាធទឹកក៏កើនឡើងខ្លាំងដែរ ដូច្នេះវានឹងព្រួសទឹកដែលក្តៅខ្លាំងនេះចេញមកប៉ះលើខ្លួនអ្នក នៅពេលបើកគម្របធុងទឹក។

៥. ពេលម៉ាស៊ិនចុះត្រជាក់៖ អ្វីដែលអ្នកត្រូវធ្វើនោះ គឺពិនិត្យកម្រិតទឹកទាំងក្នុងធុងទឹកមេ និងធុងទឹកសាគួរ កម្រិតប្រេងម៉ាស៊ីន និងប្រេងប្រអប់ជាដើម។
-បើឃើញទឹកស្អំអស់ ឬសល់តិចពេក អាចបណ្តាលមកពីការលេចជ្រាប បែកធុងទឹក ឬមានការរបូតទុយោផ្នែកណាមួយដែលយើងអាចមើលឃើញ។ ជាមួយគ្នានេះ ក៏បណ្តាលមកពីការឆ្លងរ៉ងក្បាលគុយឡាស់ផងដែរ។
-បើឃើញបាត់ប្រេងម៉ាស៊ីន អាចបណ្តាលមកពីលេចជ្រាប ការសឹករិចរិលរបស់គ្រឿងបង្គុំដូចជា ក្រវាត់ ស៊ឺមី និងស៊ីឡាំងជាដើម។ ក្នុងករណីមិនបាត់ប្រេងទេ តែឃើញមានលោតចេញឆេកសញ្ញាប្រេងម៉ាស៊ីន នោះអាចបណ្តាលមកពីការខូចបូមប្រេង។
-បើពិនិត្យឃើញទាំងកម្រិតទឹក និងប្រេងម៉ាស៊ីនគ្រប់កម្រិតដដែល នោះអ្នកអាចមើលកង្ហា ដែលវាជាផ្នែកមួយនៃប្រព័ន្ធបញ្ចុះកម្តៅ ថាតើគាំងខូចឬអត់ ដោយសាកល្បងបញ្ឆេះម៉ាស៊ីន៕





















